បរទេស ៖ ក្រុមហ៊ុនអ៊ីស្រាអែល Israel Aerospace បាននិយាយ នៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួននឹងរួមគ្នាអភិវឌ្ឍ និងធ្វើទំនើបកម្មប្រព័ន្ធ ការពារប្រឆាំងកូនដ្រូន ជាមួយក្រុមហ៊ុនផលិតអាវុធរដ្ឋ របស់សហភាពអារ៉ាប់រួម EDGE ។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារ សារព័ត៌មាន Us News នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រទេសអ៊ីស្រាអែលនិងសហភាពអារ៉ាប់រួម បានបង្កើតចំណងមិត្តភាព ប្រក្រតីវិញ កាលពីឆ្នាំមុន ធ្វើឲ្យកាន់តែជិតស្និទ្ធគ្នា តាមរយៈផលប្រយោជន៍ជំនួញ និងក្តីព្រួយបារម្ភជុំវិញរឿងប្រទេសអ៊ីរ៉ង់ ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុនអ៊ីស្រាអែល ហៅកាត់ថា IAI ដែលជាក្រុមហ៊ុនការពារជាតិ ដ៏ចម្បងរបស់អ៊ីស្រាអែល បាននិយាយថា ក្រុមហ៊ុននឹងអភិវឌ្ឍប្រព័ន្ធប្រឆាំង យន្តហោះគ្មានមនុស្សបើក ស្របទៅនឹងទីផ្សារសហភាពអារ៉ាប់រួម ដែលផ្តល់ផលប្រយោជន៍កាន់តែទូលាយ សម្រាប់តំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង និងទីផ្សេងពីនោះ ។
គួរបញ្ជាក់ថា ចលនាពួកឧទ្ទាមហូធី មានចំណងទាក់ទង ជាមួយអ៊ីរ៉ង់ ដែលពេលថ្មីៗនេះបានបង្កើនការវាយប្រហារ ដោយមីស៊ីលនិងកូនដ្រូនឆ្លងព្រំដែន ទៅលើប្រទេសអារ៉ាប៊ីសាអូឌីតនោះ កាលពីមុន ធ្លាប់បានគម្រាមធ្វើការវាយប្រហារ ទៅលើសហភាពអារ៉ាប់រួម ៕ ប្រែសម្រួល៖ប៉ាង កុង