បរទេស៖ មជ្ឈមណ្ឌលសម្រាប់គ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ (CCSA) បាននិយាយកាលពីថ្ងៃពុធថា ប្រទេសថៃនឹងត្រូវបើកដំណើរការជាថ្មី ពេញលេញនៅត្រឹមខែតុលា ហើយរាល់ការរឹតត្បិតពាក់ព័ន្ធនឹងជំងឺកូវីដ១៩ នឹងត្រូវដកចេញ ប្រសិនបើគ្រប់ផ្នែកទាំងអស់នៅតែបន្តសហប្រតិបត្តិការជាមួយរដ្ឋាភិបាលក្នុងកិច្ចប្រឹងប្រែងទប់ស្កាត់ការឆ្លងរាលដាលវីរុស។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកនាំពាក្យជំនួយការ CCSA លោក Apisamai Srirangson បាននិយាយថា ក្នុងចំណោមតម្រូវការធំ ៗ សម្រាប់បើកដំណើរការប្រទេសឡើងវិញបន្ទាប់ពីការរឹតបន្តឹងខ្លាំងអស់រយៈពេលជាងមួយឆ្នាំ គឺការត្រៀមខ្លួនរបស់វិស័យសាធារណៈដើម្បីចាប់ផ្តើមជីវិតធម្មតាឡើងវិញ។
ថ្លែងបន្ទាប់ពីកិច្ចប្រជុំអនុគណៈកម្មាធិការរបស់ CCSA ស្តីពីការបន្ធូរបន្ថយការរឹតត្បិតអាជីវកម្មនិងសកម្មភាពនានា លោកបណ្ឌិត Apisamai បានសរសើរមន្ត្រីនៅខេត្ត សាមុតសាខន ដែលជាចំណុចកណ្តាលនៃរលកនៃការឆ្លងថ្មីៗនេះ។
លោកវេជ្ជបណ្ឌិត Apisamai បាននិយាយថា គិតត្រឹមថ្ងៃច័ន្ទ កម្មកររោងចក្រចំនួន ១១២ ៥៩៥ នាក់ និងអ្នកលក់ដូរទីផ្សារស្រស់ក៏ដូចជាសហគមន៍ក្នុងតំបន់នានា នៃខេត្តសាមុតសាខន ត្រូវបានធ្វើតេស្តរកវីរុសកូវីដ១៩ ហើយជាលទ្ធផល មានមនុស្សចំនួន ៩៧៥នាក់ ក្នុងចំណោមពួកគេ គឺឆ្លងវីរុសនេះ ៕ប្រែសម្រួលៈ ណៃ តុលា

