បរទេស៖ ទីក្រុង Can Tho នៃតំបន់ដីសណ្តទន្លេមេគង្គ នឹងចំណាយថវិកាចំនួន ៣០ ពាន់លានដុង (១,៣ លានដុល្លារ) ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ដើម្បីសម្លាប់សត្វកណ្តុរ និងកាត់បន្ថយការខូចខាតដំណាំ។ ថវិកាភាគច្រើនគឺ ២២,៥ ពាន់លានដុង នឹងបានមកពីថវិការបស់ទីក្រុង ហើយកសិករក្នុងស្រុក នឹងចូលរួមចំណែក សម្រាប់ថវិកាដែលនៅសេសសល់។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា កសិករនឹងទទួលបាន វគ្គបណ្តុះបណ្តាលចំនួន ១៦០០ ចាប់ពីពេលនេះរហូតដល់ឆ្នាំ ២០២៥ អំពីរបៀបការពារដំណាំរបស់ពួកគេ និងកាត់បន្ថយការខូចខាតដោយសារសត្វកណ្តុរ។ កសិករក៏នឹងទទួលអន្ទាក់ និងថ្នាំពុលកណ្តុរផងដែរ។

ទីក្រុង Can Tho មានដីស្រែជាង ៨ ម៉ឺនហិកតា, ដីចំការផ្លែឈើជាង ២ ម៉ឺនដើម និង ផ្ទៃដីដាំដំណាំបន្លែជិត ១៥ ០០០ ហិកតា។ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលប្រជាកសិករបានត្អូញត្អែរ អំពីសត្វកណ្តុរ ដែលលុកលុយលើដីស្រែរបស់ពួកគេ និងបំផ្លាញដំណាំផ្សេងទៀត៕
