បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃចន្ទ នេះបានឲ្យដឹងថា រដ្ឋធានីក្រុងប៉េកាំង បានកំពុងតែទទួលរងការវាយប្រហារ ដោយព្យុះខ្សាច់ដ៏អាក្រក់មួយ ដែលត្រូវបានចិន ហៅថា ជាគ្រោះធម្មជាតិ មិនធ្លាប់កើតមានឡើយ ក្នុងរយៈពេលមួយ ទសវត្សចុងក្រោយនេះ។
ប្រភពដដែលបានឲ្យដឹងទៀត ថា ព្យុះនេះត្រូវបានគេដឹងថា បានថែមទាំងបណ្តាល ឱ្យមានការកើនឡើង ដែលមិនធ្លាប់មានពីមុនមកនៅក្នុងការ វាស់វែងនៃការបំពុលបរិយាកាសធៀប ជាមួយនឹងកម្រិត នៃការបំពុលបរិស្ថាន នៅតាមស្រុកមួយចំនួនក្នុងកម្រិត ១៦០ ដងនៃកំរិតធម្មតា។
ក្រៅពីនោះគេបានដឹងទៀតថា ជើងហោះហើរដល់ទៅរាប់រយ ត្រូវបានពន្យារពេល ឬលប់ចោលខណៈដែលផ្ទៃមេឃត្រូវបានគេមើលឃើញថា បានគ្រប់ដណ្តប់ទៅដោយផ្សែង អ័ព្ទដែលមានពណ៍ទៅជាទឹកក្រូច ស្ទើមិនឃើញពន្លឺថ្ងៃ។
គួរឲ្យដឹងដែរ ថា ព្យុះខ្សាច់នេះ បានកកើតឡើង ចេញពីប្រទេសម៉ុងហ្គោលី ដែលខ្យល់បោកបក់យ៉ាងខ្លាំង បាននាំខ្សាច់ទាំងនោះហោះរប៉ាត់រប៉ាយ មកដល់ក្រុងប៉េកាំង ហើយមកទល់បច្ចុប្បន្ននៅម៉ុងហ្គោលី ព្យុះនេះបានធ្វើឲ្យមនុស្សចំនួន៦នាក់ មកហើយដែលបានបត់បង់ជីវិត និងជាច្រើននាក់ទៀត កំពុងបាត់ខ្លួននៅឡើយ ៕
ប្រែសម្រួល៖ស៊ុនលី