ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើងប្រាប់ រដ្ឋបាលអាមេរិកថ្មី ឲ្យបន្ថយ ការធ្វើល្បែងសង្គ្រាម ប្រសិនបើ ចង់សម្រាកសុខស្រួល

បរទេស៖ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង គឺលោកស្រី គីម យូជុង តាមសេចក្តីរាយការណ៍ បានរិះគន់សមយុទ្ធយោធាដែលកំពុងតែ ប្រព្រឹត្តទៅនៅក្នុងប្រទេសកូរ៉េខាងត្បូង និងបានព្រមានរដ្ឋបាលសហរដ្ឋអាមេរិកថ្មីថា ក្លិនផ្សែងអាវុធដែល រសាត់តាមព្រំដែន នឹងមិនជួយនាំមកនូវសន្តិភាពនោះទេ។

សេចក្តីថ្លែងការណ៍របស់ប្អូនស្រីលោក គីម ជុងអ៊ុន នេះ គឺជាសារចំហដំបូងរបស់កូរ៉េខាងជើងជូនដល់ទីក្រុងវ៉ាស៊ីនតោន ចាប់តាំងពីលោកប្រធានាធិបតី ចូ បៃដិន ឡើងកាន់តំណែងនៅក្នុងខែមករាមក ហើយវាត្រូវបានធ្វើឡើង ក្នុងពេលមួយថ្ងៃមុនរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និងរដ្ឋមន្ត្រីការពារជាតិ លោក Lloyd Austin នឹងត្រូវធ្វើដំណើរមកដល់ទីក្រុងសេអ៊ូល ដើម្បីធ្វើកិច្ចពិភាក្សា ដំបូងរបស់លោក ជាមួយសមភាគីកូរ៉េខាងត្បូង។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន កណ្ដាលកូរ៉េខាងជើង KCNA លោកស្រី គីម យូជុង បានថ្លែងយ៉ាងដូច្នេះថា “យើងឆ្លៀតយកឱកាសនេះធ្វើការព្រមានរដ្ឋបាលសហរដ្ឋអាមេរិកថ្មី ដែលព្យាយាមប្រឹងប្រែងជះក្លិនរំសែវនៅក្នុងទឹកដីរបស់យើង ហើយប្រសិនបើចង់ដេកលក់សុខស្រួល សម្រាប់រយៈពេល៤ឆ្នាំទៅមុខទៀតនោះ វាគួរតែឈប់បង្កឲ្យមានក្លិនអាក្រក់ នៅក្នុងជំហានដំបូង”។

គួរបញ្ជាក់ថា នៅពេលគេសួរអំពីការថ្លែងរបស់ប្អូនស្រីមេដឹកនាំ កូរ៉េខាងជើងនោះ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានមានប្រសាសន៍ប្រាប់សន្និសីទកាសែតមួយក្នុងទីក្រុងតូក្យូថា លោកដឹងពីការថ្លែងរបស់នាង ប៉ុន្តែថា លោកមានចំណាប់អារម្មណ៍កាន់តែខ្លាំង ក្នុងការស្តាប់នូវអ្វីដែលសម្ពន្ធមិត្ត និងដៃគូរបស់អាមេរិកគិត អំពីប្រទេសកូរ៉េខាងជើង៕ប្រែសម្រួល៖ប៉ាង កុង

This image has an empty alt attribute; its file name is photo_2021-03-17_10-12-02-1024x679.jpg

Most Popular

To Top