បរទេស៖បើទោះជាអង្គការសុខភាពពិភពលោក និងទីភ្នាក់ងារឱសថអឺរ៉ុប ព្រមានមិនឲ្យផ្អាកការជំរុញឲ្យចាក់ថ្នាំវ៉ាក់សាំងក៏ដោយ ក៏ប្រទេសអឺរ៉ុបធំៗនានា បានផ្អាកប្រើប្រាស់ជាបណ្ដោះអាសន្ន នូវថ្នាំវ៉ាក់សាំងកូវីដ១៩ផលិតដោយក្រុមហ៊ុន AstraZeneca-Oxford ស្របពេលមានរបាយការណ៍មួយចំនួនតូចពាក់ព័ន្ធរឿងមានការកកឈាមរបស់បុគ្គលដែលបានទទួលថ្នាំវ៉ាក់សាំងនោះ។

ប្រទេសអាល្លឺម៉ង់ អេស្ប៉ាញ បារាំង អ៊ីតាលី ព័រទុយហ្គាល់ ស្លូវេនី និងស៊ីប បានប្រកាសថា ពួកគេបានផ្អាកចាក់ថ្នាំវ៉ាក់សំាងឲ្យប្រជាពលរដ្ឋខ្លួននៅថ្ងៃចន្ទ ក្រោយមួយថ្ងៃបន្ទាប់ពីប្រទេសអ៊ីស្លង់និងប្រទេសហូឡង់ បានប្រកាសពីការផ្អាកការចាក់ថ្នាំរបស់ខ្លួន ក្រោយប្រទេសន័រវេសកំណត់ឃើញករណីកកឈាមនិងការចេញឈាមចំនួន៤ករណី ក្នុងមនុស្សពេញវ័យ ដែលទទួលបានការចាក់ថ្នាំវ៉ាក់សាំង ហើយក្នុងចំណោមនោះ ម្នាក់បានស្លាប់បណ្ដាលមកពីការហូរឈាមក្នុងខួរក្បាលដែលនឹងស្មានមិនដល់។
គួរបញ្ជាក់ថា នៅថ្ងៃចន្ទម្សិលមិញនេះ ក្រុមហ៊ុនផលិតថ្នាំវ៉ាក់សាំងនោះ បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា សុវត្ថិភាពគឺជាអាទិភាពចម្បងរបស់ខ្លួន និងថា “យើងកំពុងតែធ្វើការងារជាមួយអាជ្ញាធរសុខាភិបាលជាតិនិងមន្ត្រីអឺរ៉ុប ហើយទន្ទឹងរង់ចាំការវាយតម្លៃរបស់ពួកគេនៅចុងសប្ដាហ៍នេះ”៕ប្រែសម្រួល៖ប៉ាង កុង
