បរទេស៖ នៅក្នុងសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ កងកម្លាំងអាមេរិក បានធ្វើការវាយប្រហារតាមអាកាស ទៅលើទីលាក់ខ្លួនរបស់ពួកតាលីបង់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ស្របពេលដែលសេតវិមាន ចូលទៅជិតកាលផុតកំណត់ ឲ្យដកកងទ័ព ចេញពីប្រទេសអាស៊ីមួយនេះ។
ការវាយប្រហារនៅក្នុងស្រុក Zharay ស្រុក Spin Boldak និងស្រុក Kandahar ខេត្ត Kandahar ស្ថិតនៅភាគខាងត្បូង នៃប្រទេសនេះ គឺត្រូវបានធ្វើឡើង ក្នុងពេល៤៨ម៉ោងកន្លងទៅ នេះបើតាមសេចក្តីថ្លែងការណ៍មួយ ធ្វើឡើង ដោយមន្ត្រីនាំពាក្យកងកម្លាំងអាមេរិក នៅអាហ្វហ្គានីស្ថាន លោក Sonny Leggett។

លោក Sonny Leggett បានថ្លែងប្រាប់ថា ចំនួនជនរងគ្រោះនៅមិនទាន់បង្ហាញទេ ប៉ុន្តែសេចក្តីថ្លែងការណ៍បាននិយាយថា ការវាយប្រហារតាមអាកាសនោះ គឺជាការគាំទ្រ ដល់កងកម្លាំងជើងគោកអាហ្វហ្គានីស្ថាន ស្របពេលដែលកងកម្លាំងពួកតាលីបង់ ធ្វើការវាយប្រហារយ៉ាងសកម្ម ទៅលើទីតាំងកងទ័ពអាហ្វហ្គានីស្ថាន។
គួរបញ្ជាក់ថា នៅក្នុងពេលបច្ចុប្បន្ននេះ រដ្ឋបាលលោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន កំពុងតែពិចារណា លើការដកកងទ័ពសហរដ្ឋអាមេរិក ចេញពីប្រទេសអាហ្វហ្គានីស្ថាន អនុលោមតាមកិច្ចព្រមព្រៀងឆ្នាំ២០២០ ដែលព្រមព្រៀងគ្នានៅក្នុងទីក្រុងដូហា ប្រទេសកាតា ធ្វើឡើងដោយពួកតាលីបង់ និងសហរដ្ឋអាមេរិក៕ ប្រែសម្រួល៖ប៉ាង កុង
