ប៉េកាំង ៖ ប្រទេសចិន បានរក្សាជំហររបស់ខ្លួន ក្នុងនាមជា ដៃគូពាណិជ្ជកម្ម ដ៏ធំបំផុត របស់សហភាពអ៊ឺរ៉ុប គិតត្រឹមខែមករា នេះបើយោងតាមទិន្នន័យ ដែលត្រូវបានចេញផ្សាយ ដោយការិយាល័យស្ថិតិ របស់អឺរុប កាលពីថ្ងៃព្រហស្បតិ៍។
នៅក្នុងខែដំបូង នៃឆ្នាំ២០២១ សហភាពអឺរ៉ុប បាននាំចេញទំនិញក្នុងតម្លៃ ១៦,១ ពាន់លានអឺរ៉ូ (ប្រហែល ១៩,២ ពាន់លានដុល្លារ) ទៅកាន់ប្រទេសចិន ដោយកើនឡើង ៦,៦ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ខណៈការនាំចូលពីប្រទេសចិន បានធ្លាក់ចុះ ៣,៨ ភាគរយស្មើនឹង ៣៣,៣ ពាន់លានដុល្លារអឺរ៉ូ។
ចាប់តាំងពីខែកក្កដា ឆ្នាំ២០២០ ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មកំពូល របស់ប្លុកនេះ ដែលជាជំហរមួយ ដែលត្រូវបានកាន់កាប់ពីមុន ដោយសហរដ្ឋអាមេរិក នេះបើយោងតាមស្ថិតិ របស់សហភាពអឺរ៉ុប។
ទំនិញសរុបមានតម្លៃ ២៨,២ ពាន់លានអឺរ៉ូ ត្រូវបាននាំចេញពីសហគមន៍អ៊ឺរ៉ុប ទៅកាន់សហរដ្ឋអាមេរិក ក្នុងខែមករា ដែលមានចំនួន ៩,៦ ភាគរយតិចជាងរយៈពេលដូចគ្នា នៃឆ្នាំមុន។ គួរកត់សម្គាល់ថា ការនាំចូលទំនិញពីសហរដ្ឋអាមេរិក បានធ្លាក់ចុះ ២៦,៣ ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ យោងទៅតាម Eurostat ។
ប្រទេសអង់គ្លេស ដែលជាអតីតរដ្ឋ សមាជិកសហភាពអឺរ៉ុប បានមើលឃើញពីការធ្លាក់ចុះ គួរឱ្យកត់សម្គាល់ក្នុងការធ្វើពាណិជ្ជកម្ម ជាមួយសហភាពអ៊ឺរ៉ុប កាលពីខែមករា ដោយសារខ្លួនបានបែកបាក់ ជាផ្លូវការជាមួយប្លុកនេះ បន្ទាប់ ពីរយៈពេលអន្តរកាល ដូច្នេះពាណិជ្ជកម្មទំនិញ រវាងប្រទេសទាំងពីរ ឥឡូវនេះត្រូវជាប់ពន្ធគយ ។
យោងតាម Eurostat ការនាំចេញរបស់សហភាពអឺរ៉ុប ទៅអង់គ្លេស និងនាំចូលពីអង់គ្លេស ក្នុងខែមករា បានធ្លាក់ចុះ ២៧,៤ ភាគរយ និង ៥៩,៥ ភាគរយ។ ទោះយ៉ាងណាអង់គ្លេស នៅតែជាដៃគូពាណិជ្ជកម្មធំលំដាប់ទី ៣ របស់សហភាពអ៊ឺរ៉ុប បន្ទាប់ពីប្រទេសចិន និងសហរដ្ឋអាមេរិក។
សហភាពអឺរ៉ុប បានកត់ត្រា អតិរេកពាណិជ្ជកម្ម ៨,៤ ពាន់លានអឺរ៉ូ ក្នុងការធ្វើពាណិជ្ជកម្មទំនិញជាមួយ ពិភពលោកក្នុងខែមករា ទោះបីការនាំចេញ និងនាំចូលធ្លាក់ចុះ ១០,៨ ភាគរយ និង ១៦,៩ ភាគរយពីមួយឆ្នាំ ទៅមួយឆ្នាំក៏ដោយ៕
ដោយ ឈូក បូរ៉ា