ព័ត៌មានអន្តរជាតិ

ភាពសាហាវឃោរឃៅ របស់ប្រទេសមីយ៉ាន់ម៉ា ឬភូមា

បរទេស៖ មនុស្សជាង ៥០ នាក់ត្រូវបានសម្លាប់កាលពីថ្ងៃអាទិត្យ ១៤ ទីមីនា ដែលជាថ្ងៃដ៏បង្ហូរឈាមខ្លាំងបំផុត ចាប់តាំងពីយោធាមីយ៉ាន់ម៉ា បានផ្តួលរំលំរដ្ឋាភិបាល ដែលដឹកនាំដោយស៊ីវិល កាលពីថ្ងៃទី ១ ខែកុម្ភៈ។ កម្លាំងសន្តិសុខត្រូវបានគេថតបាន ពេលបាញ់ទៅហ្វូងមនុស្ស បំផ្លាញទ្រព្យសម្បត្តិស៊ីវិល និងវាយទៅលើពេទ្យស្ម័គ្រចិត្ត។

ចាប់តាំងពីពេលនោះមក យោធាមីយ៉ាន់ម៉ា បានដាក់ចេញច្បាប់អាជ្ញាសឹក នៅតាមបណ្តាទីក្រុងមួយចំនួន ទាំងក្នុងនិងជុំវិញទីក្រុងធំបំផុត របស់ប្រទេស គឺយ៉ាំងហ្គោននិងម៉ាន់ដាឡេ។ តាមច្បាប់អាជ្ញាសឹក អ្នកតវ៉ាស៊ីវិល អាចត្រូវបានកាត់ទោស នៅក្នុងតុលាការយោធា ដោយគ្មានសិទ្ធិប្តឹងឧទ្ធរណ៍ឡើយ។ យោធាក៏បានបិទការចូលប្រើអ៊ិនធឺរណែត ក្នុងគោលបំណងបញ្ឈប់សកម្មជន ក្នុងការប្រាស្រ័យទាក់ទង ជាមួយគ្នានិងពិភពខាងក្រៅ។

យោងតាមវែបសាយ Relief Web បានឱ្យដឹងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ថា យោងតាមការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) គឺយ៉ាងហោចណាស់មានមនុស្សចំនួន ១៤៩ នាក់ត្រូវបានសម្លាប់ ដោយកងកំលាំងសន្តិសុខ ចាប់តាំងពីថ្ងៃទី ១ ខែកុម្ភៈ ហើយទោះបីជាយ៉ាងណា របាយការណ៍ ដែលអាចទុកចិត្តបាន ពីក្នុងប្រទេសមីយ៉ាន់ម៉ា បានបង្ហាញថា ចំនួនអ្នកស្លាប់អាចខ្ពស់ដល់ ២០០ នាក់។ ។ ការិយាល័យ OHCHR ក៏បានបញ្ជាក់ផងដែរថា យ៉ាងហោចណាស់ មានមនុស្ស ៥ នាក់បានស្លាប់ ខណៈកំពុងស្ថិត ក្នុងការឃុំឃាំងរបស់កងសន្តិសុខ ដោយយ៉ាងហោចណាស់ មានសាកសពពីរ បានបង្ហាញពីការធ្វើទារុណកម្ម។

យោងតាមសមាគម ជំនួយអ្នកទោសនយោបាយ គឺយ៉ាងហោចណាស់មនុស្សចំនួន ២ ១៨១ នាក់ត្រូវបានចាប់ខ្លួន ចោទប្រកាន់ ឬកាត់ទោស ចាប់តាំងពីមានរដ្ឋប្រហារមក។

នៅក្នុងសុន្ទរកថារបស់លោក ទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ នៅថ្ងៃទី ១១ ខែមីនា អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ ស្តីពីស្ថានភាព សិទ្ធិមនុស្សនៅមីយ៉ាន់ម៉ា លោក Tom Andrews បាននិយាយថា ការរំលោភបំពាន ដែលបានធ្វើឡើង ដោយយោធាចាប់តាំងពីរដ្ឋប្រហារ អាចជាបទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិ។ កងកំលាំងសន្តិសុខ បានប្រើឧស្ម័នបង្ហូរទឹកភ្នែក កាណុងបាញ់ទឹក គ្រាប់កាំភ្លើងជ័រ គ្រាប់បែកដៃ ប្រឆាំងនឹងក្រុមបាតុករ ដែលគ្មានអាវុធ៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top