ប៉េកាំង៖ គណៈប្រតិភូចិន បានឲ្យដឹងនៅថ្ងៃសុក្រម្សិលមិញនេះថា សហរដ្ឋអាមេរិក គួរតែបញ្ឈប់ការជ្រៀតជ្រែក ក្នុងកិច្ចការផ្ទៃក្នុង របស់ចិន រួមទាំងហុងកុងផងដែរ ដែលការជំរុញនេះ កើតឡើងនៅក្នុងកិច្ចពិភាក្សា យុទ្ធសាស្ត្រកម្រិតខ្ពស់ នៅអាឡាស្កា នេះបើយោងតាមកសរចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
គណៈប្រតិភូបានឲ្យដឹងថា ប្រព័ន្ធបោះឆ្នោតនៅក្នុងតំបន់រដ្ឋបាល ពិសេសហុងកុង គឺជាប្រព័ន្ធបោះឆ្នោត ក្នុងស្រុកមួយ នៅក្នុងប្រទេសចិន ហើយរបៀបរចនាអភិវឌ្ឍ និងកែលម្អវា គឺជាកិច្ចការក្នុងស្រុក របស់ប្រទេសចិន ដោយបន្ថែមថា គ្មានរដ្ឋាភិបាល បរទេស អង្គការ ឬបុគ្គលណាមួយមាន សិទ្ធិជ្រៀតជ្រែកនោះឡើយ។
ការកែលម្អប្រព័ន្ធបោះឆ្នោត របស់ហុងកុង ត្រូវតែធ្វើតាមគោលការណ៍ “ អ្នកស្នេហាជាតិគ្រប់គ្រងហុងកុង” ដោយជំរុញឱ្យសហរដ្ឋអាមេរិក គោរពតាមច្បាប់អន្ដរជាតិ និង បទដ្ឋានមូលដ្ឋាននៃទំនាក់ទំនង អន្តរជាតិគោរព សេចក្តីសម្រេច របស់សមាជប្រជាជនចិន ស្តីពីការកែលម្អប្រព័ន្ធបោះឆ្នោតរបស់ហុងកុង និង បញ្ឈប់ការគាំទ្រដល់កងកម្លាំងឯករាជ្យហុងកុង។
ប្រភពក៏បានអំពាវនាវឱ្យភាគីអាមេរិក ដកទណ្ឌកម្មខុសច្បាប់ ប្រឆាំងនឹងមន្រ្តី និងស្ថាប័នចិន បញ្ឈប់ការព្យាយាម រញ៉េរញ៉ៃលើបញ្ហាហុងកុង ម្តងហើយម្ដងទៀត និងបញ្ឈប់ការជ្រៀតជ្រែកលើការអនុវត្ដន៍ របស់ចិនចំពោះ“ ប្រទេសមួយប្រព័ន្ធពីរ” ។
គណៈប្រតិភូបានឲ្យដឹងទៀតថា ប្រសិនបើសហរដ្ឋអាមេរិក បន្តដើរដោយខ្លួនឯងនោះប្រទេសចិន នឹងធ្វើការឆ្លើយតបយ៉ាងម៉ឺងម៉ាត់។
កិច្ចពិភាក្សារយៈពេល ២ ថ្ងៃបានកត់សម្គាល់នូវទំនាក់ទំនង កម្រិតខ្ពស់លើកដំបូងរវាងប្រទេសទាំងពីរ បន្ទាប់ពីប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងសមភាគីអាមេរិកលោក ចូ បៃដិន បានជួបជជែកគ្នាតាមទូរស័ព្ទ នៅមុនថ្ងៃបុណ្យចូលឆ្នាំចិន និងការជួបគ្នាលើកដំបូង៕
ដោយ ឈូក បូរ៉ា