វ៉ាស៊ីនតោន៖ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំ នៅសហរដ្ឋអាមេរិកបានទទួលលិខិតជាច្រើនពីពលរដ្ឋអាមេរិក ដែលបានសុំទោសចំពោះការលើកឡើង របស់លោកប្រធានាធិបតី ចូ បៃដិន កាលពីពេលថ្មីៗនេះ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា កាលពីដើមសប្តាហ៍នេះនៅក្នុងបទសម្ភាសន៍រវាងលោក ចូ បៃដិន ជាមួយ ABC News លោក បៃដិន បាននិយាយថា លោកពូទីន ប្រធានាធិបតីរុស្ស៊ី នឹងត្រូវ “បង់ថ្លៃ” ចំពោះការចោទប្រកាន់អំពីការជ្រៀតជ្រែកនៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០២០ ។ មេដឹកនាំអាមេរិករូបនេះក៏ត្រូវបានគេសួរផងដែរថា តើលោកចាត់ទុកប្រធានាធិបតីរុស្ស៊ីជាឃាតក ឬទេ ហើយលោកក៏បានឆ្លើយយល់ព្រម។
កាលពីថ្ងៃព្រហស្បតិ៍លោកពូទីន បានអញ្ជើញប្រធានាធិបតីអាមេរិកឱ្យធ្វើកិច្ចពិភាក្សាផ្ទាល់នៅថ្ងៃសុក្រ ឬថ្ងៃច័ន្ទខាងមុខនេះ ប៉ុន្តែសេតវិមានបានឆ្លើយតបដោយនិយាយថា ប្រធានាធិបតីបាននិយាយរួចហើយក្នុងពេលកន្លងមក។ អត្ថាធិប្បាយលើការកត់សម្គាល់របស់លោក ចូ បៃដិន ប្រធានាធិបតីរុស្ស៊ីបាននិយាយថា “វាត្រូវការមនុស្សម្នាក់ដើម្បីស្គាល់មនុស្សម្នាក់ទៀត” ហើយបានជូនពរដល់សមភាគីអាមេរិកឱ្យមាន “សុខភាពល្អ” ទៀតផង ។
លោក Antonov បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយហើយត្រូវបានដកស្រង់ ដោយទំព័រហ្វេសប៊ុករបស់ស្ថានទូតថា «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះពលរដ្ឋអាមេរិកដែលបានផ្ញើលិខិត ទៅស្ថានទូតដើម្បីគាំទ្រដល់ការអភិវឌ្ឍទំនាក់ទំនងមិត្តភាពរវាងរុស្ស៊ី និងសហរដ្ឋអាមេរិក។
មនុស្សជាច្រើនបានសម្តែង ការមិនយល់ស្របនិងបានសុំទោសចំពោះសេចក្តីថ្លែង ដែលមិនសមហេតុផលទៅលើសហព័ន្ធរុស្ស៊ី ដែលបានធ្វើឡើងពីសំណាក់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនកាលពីពេលថ្មីៗនេះ៕
ប្រែសម្រួលៈ ណៃ តុលា