ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រី ប៉ាគីស្ថានតេស្តវិជ្ជមាន កូវីដ១៩ និងជំរុញឲ្យប្រជាជន ចាក់ថ្នាំវ៉ាក់សាំង

បរទេស ៖មន្ត្រីរដ្ឋាភិបាលប៉ាគីស្ថាន បានិយាយនៅថ្ងៃសៅរ៍នេះថា នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan បានតេស្តវិជ្ជមានជម្ងឺកូវីដ១៩ ក្រោយពេលពីរថ្ងៃបន្ទាប់ពីបានចាក់ថ្នាំវ៉ាក់សាំងដូសដំបូងរបស់លោក និងជំរុញប្រជាជនមិនឲ្យស្ទាក់ស្ទើរក្នុងការចាក់ថ្នាំវ៉ាក់សាំង។

អ្នកជំនាញសុខាភិបាលនិយាយថា កម្មវិធីចាក់ថ្នាំវ៉ាក់សំាងរបស់ប្រទេសប៉ាគីស្ថាន បានជួបជាមួយភាពស្ទាក់ស្ទើរខ្លាំងឡើង ហើយការតេស្តវិជ្ជមានរបស់លោកនាយករដ្ឋមន្ត្រីនោះ អាចនឹងក្លាយជាការរុញច្រានដ៏ធំ ចំពោះការជំរុញឲ្យចាក់ថ្នាំវ៉ាក់សាំងនៅក្នុងប្រទេស ដែលមានប្រជាជន២២០លាននាក់នេះ។ 

រដ្ឋមន្ត្រីសុខាភិបាល លោក Faisal Sultan បាននិយាយលើបណ្ដាញសង្គមធ្វីតធ័រថា លោក Imran Khan មានវ័យ៦៨ឆ្នាំ កំពុងតែធ្វើចត្តាឡីស័កនៅផ្ទះ ហើយជំនួយការដ៏ជិតស្និទ្ធមួយរូបបាននិយាយថា លោកមានអាការៈក្អកខ្លាំងនិងគ្រុនក្តៅ។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា ជំនួយការជាន់ខ្ពស់នានា បានធ្វើការសង្កត់ធ្ងន់ថា លោកទំនងជាបានឆ្លង នៅមុនពេលលោកចាក់ថ្នាំវ៉ាក់សាំងកាលពីថ្ងៃព្រហស្បតិ៍៕ 

ប្រែសម្រួល៖ប៉ាង កុង 

Most Popular

To Top