ព័ត៌មានអន្តរជាតិ

ហ៊្សកដានី ចុះកិច្ចព្រមព្រៀង ការពារជាតិថ្មី ដោយអនុញ្ញាត ឱ្យកងទ័ពអាមេរិក ចេញចូលប្រទេសដោយសេរី

បរទេស ៖ សារព័ត៌មាន Al-Arabiya បានរាយការណ៍ កាលពីថ្ងៃអាទិត្យថា ប្រទេសហ្ស៊កដានីបានចុះកិច្ចព្រមព្រៀងថ្មីមួយ ជាមួយសហរដ្ឋអាមេរិក ដែលអនុញ្ញាត ឱ្យមានការចូលដោយសេរីនូវកងទ័ព យន្តហោះ និងយានយន្តរបស់អាមេរិក ចូលទៅក្នុងព្រះរាជាណាចក្រមួយនេះ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា យោងតាមរបាយការណ៍ ដែលបានចុះផ្សាយថ្មីៗនេះ គឺនឹងអនុញ្ញាតឱ្យកងកម្លាំង សហរដ្ឋអាមេរិក យន្តហោះ និងនាវារបស់អាមេរិក ចូលនិងចេញពីទឹកដីហ្ស៊កដានី ដោយសេរី។

ជាពិសេស លក្ខខណ្ឌនៃកិច្ចព្រមព្រៀង ត្រូវបានគេរាយការណ៍ថា « កងកំលាំងសហរដ្ឋអាមេរិក អាចមានអាវុធ និងធ្វើចរាចរ ជាមួយពួកគេនៅលើទឹកដី ហ្ស៊កដានីបាន ខណៈកំពុងបំពេញភារកិច្ច» ។ កិច្ចព្រមព្រៀងការពារជាតិថ្មីនេះ ក៏អនុញ្ញាតឱ្យបុគ្គលិកយោធា អាមេរិចដឹកជញ្ជូន និងស្តុកសម្ភារៈនៅលើទឹកដី នៃព្រះរាជាណាចក្រនេះផងដែរ ។

រដ្ឋមន្រ្តីក្រសួងការបរទេស Ayman Safadi របស់ហ៊្សកដានី ត្រូវបានកាសែត The Jordan Times ដកស្រង់សំដីថា កិច្ចព្រមព្រៀង ចុងក្រោយជាមួយក្រុងវ៉ាស៊ីនតោន មិនបានធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យ ភាព របស់ហ្សកដានីទេ ប៉ុន្តែវាជាផ្នែកមួយ នៃកិច្ចសហប្រតិបត្តិការផ្នែកយោធានិងសន្តិសុខ ដែលមានរយៈពេលរាប់ ទសវត្ស ជាមួយសហរដ្ឋអាមេរិក។ លោកបានបន្ថែមថា កិច្ចព្រមព្រៀងនេះមិនអនុញ្ញាត ឱ្យកងកម្លាំងបរទេសធ្វើបេសកកម្មប្រយុទ្ធ នៅលើទឹកដី នៃព្រះរាជាណាចក្រនោះទេ ប៉ុន្តែផ្តោតតែទៅលើការបណ្តុះបណ្តាល និងកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំង នឹងអំពើភេរវកម្មនៅក្នុងតំបន់ប៉ុណ្ណោះ។

លោក Safadi ក៏បាននិយាយផងដែរថា ព្រះរាជាណាចក្រ ទទួលបានជំនួយយោធាចំនួន ៤២៥ លានដុល្លារពីសហរដ្ឋអាមេរិកជារៀងរាល់ឆ្នាំ៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top