សេអ៊ូល ៖ ការនាំចេញរបស់កូរ៉េខាងត្បូង បានកើនឡើង ១២,៥ ភាគរយ នៅក្នុងរយៈពេល ២០ ថ្ងៃដំបូងនៃខែមីនា ដោយសារការដឹកជញ្ជូន បន្ទះឈីប និងរថយន្តដឹកទំនិញ បានកើនឡើងយ៉ាងខ្លាំង ចំពេលមានការរីករាលដាល នៃជំងឺរាតត្បាត។
យោងតាមទិន្នន័យ ពីសេវាកម្មគយកូរ៉េបានឱ្យដឹងថា ការនាំចេញទៅក្រៅប្រទេស របស់ប្រទេសនេះមានចំនួន ៣៣,៩ ពាន់លានដុល្លារ ក្នុងរយៈពេលពីថ្ងៃទី០១ ដល់ថ្ងៃទី២០ ខែមីនា ធៀបនឹង ៣០,១ ពាន់លានដុល្លារកាលពីឆ្នាំមុន។
ទិន្នន័យបានបង្ហាញថា ការនាំចូលបានកើនឡើង ១៦,៣ ភាគរយដល់ ៣៣ ពាន់លានដុល្លារ ដែលជាលទ្ធផលមានអតិរេកពាណិជ្ជកម្មចំនួន ៨២០ លានដុល្លារក្នុងរយៈពេលនេះ។
តាមវិស័យការនាំចេញបន្ទះឈីប អង្គចងចាំ ដែលជាមុខទំនិញនាំចេញសំខាន់ របស់ប្រទេសនេះ បានកើនឡើង ១៣,៦ ភាគរយក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។
ឧបករណ៍អេឡិចត្រូនិក មានប្រហែល ២០ ភាគរយនៃការនាំចេញ របស់កូរ៉េខាងត្បូង ដែលជាកម្មសិទ្ធិ របស់ក្រុមហ៊ុនសាមសុងអេឡិចត្រូនិច ដែលជាក្រុមហ៊ុនផលិតបន្ទះឈីប មេម៉ូរី ធំជាងគេបំផុតនៅលើពិភពលោក និងគូប្រជែងតូចជាងរបស់ខ្លួន គឺក្រុមហ៊ុន SK hynix Inc ។
ការនាំចេញរថយន្ត ទៅក្រៅប្រទេស បានកើនឡើង ១៣ ភាគរយ ហើយការនាំចេញផលិតផលប្រេង ក៏បានកើនឡើង ១២,៤ ភាគរយចំពេលមានការ ឡើងថ្លៃប្រេង។
ការដឹកជញ្ជូនទៅប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុត របស់កូរ៉េខាងត្បូង បានកើនឡើង ២៣,៤ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំហើយ ទំនិញទៅកាន់សហរដ្ឋអាមេរិក បានកើនឡើង ៧,៤ ភាគរយ៕
ដោយ ឈូក បូរ៉ា