រ៉ង់ហ្គូន៖ ក្រុមសកម្មជនមីយ៉ាន់ម៉ា គ្រោងធ្វើបាតុកម្មថ្មីនៅថ្ងៃច័ន្ទនេះ រួមទាំងការអំពាវនាវ ឲ្យក្បួនរថយន្តធ្វើដំណើរ ឆ្លងកាត់ផ្លូវប្រសព្វ ប្រដាប់ដោយឧបករបំពងសំឡេង ដោយលើកដៃប្រឆាំង នឹងរដ្ឋប្រហារចំនួន ៣ ម្រាមដៃទោះបីជាមានសេចក្តីរាយការណ៍ ពីកម្លាំងសន្តិសុខ បានសម្លាប់មនុស្សជាច្រើន នៅចុងសប្តាហ៍កន្លងទៅនេះក៏ដោយ។

ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ ពីការតវ៉ានៅពេលព្រឹកព្រលឹម នៅយ៉ាងហោចណាស់ពីរផ្នែក នៃមជ្ឈមណ្ឌលពាណិជ្ជកម្ម នៃទីក្រុងយ៉ាំងហ្គោន នៅថ្ងៃច័ន្ទនេះ បន្ទាប់ពីមនុស្សរាប់រយនាក់ នៅក្នុងទីក្រុងម៉ាន់ដាឡេ រួមទាំងបុគ្គលិកពេទ្យជាច្រើននាក់ នៅក្នុងអាវធំ បានដើរក្បួន មុនពេលថ្ងៃរះនៅថ្ងៃអាទិត្យ។

ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ បានជាប់គាំងនៅក្នុងវិបត្តិ ចាប់តាំងពីរដ្ឋាភិបាលជាប់ឆ្នោតដឹកនាំ ដោយអ្នកឈ្នះរង្វាន់ណូបែល លោកស្រី អ៊ុងសាន ស៊ូជី កាលពីថ្ងៃទី០១ ខែកុម្ភៈ ត្រូវបានផ្តួលរំលំដោយយោធា ដែលនាំមកនូវការបញ្ចប់កំណែ ទម្រង់ប្រជាធិបតេយ្យបណ្តោះអាសន្នរយៈពេល ១០ឆ្នាំរបស់ប្រទេស។

បុរសម្នាក់ត្រូវបានបាញ់សម្លាប់ និងជាច្រើននាក់ទៀត រងរបួសនៅពេលដែលប៉ូលិស បានបើកការបាញ់ប្រហារ ទៅលើក្រុមមួយ ដែលដាក់រនាំងនៅកណ្តាលក្រុង Monywa ។
វិបសាយពត៌មាន របស់ប្រទេសមីយ៉ាន់ម៉ា បានរាយការណ៍ថា ក្រោយមកមនុស្សម្នាក់ត្រូវបានសម្លាប់ និងម្នាក់ទៀតបានរងរបួស នៅក្នុងទីក្រុងម៉ាន់ដាឡេ របស់ប្រទេស ដែលជាទីក្រុងធំទី ២ នៅពេលដែលកម្លាំងសន្តិសុខ បានបើកការបាញ់ប្រហារ បន្ទាប់ពីប្រជាជនបានព្យាយាម ទប់ទល់នឹងកិច្ចប្រឹងប្រែងរបស់យោធា ដើម្បីបង្កើតមូលដ្ឋាន នៅក្នុងសាលារៀនមួយ៕ ដោយ៖ ឈូក បូរ៉ា
