បរទេស ៖ រដ្ឋមន្ត្រីការពារជាតិជប៉ុន និងសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានយល់ស្របគ្នា ក្នុងកិច្ចប្រជុំ កាលពីសប្ដាហ៍មុន ធ្វើសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធ ក្នុងករណីមានជម្លោះយោធា រវាងប្រទេសចិន និងកោះតៃវ៉ាន់។
រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin បានលើកឡើងនូវបញ្ហានោះ នៅពេលលោក បានជួបគ្នាជាមួយរដ្ឋមន្ត្រីការពារជាតិ ជប៉ុន លោក Nobuo Kishi កាលពីថ្ងៃអង្គារ ប៉ុន្តែមិនមាន ការពិភាក្សាគ្នា ពីវិធីជាក់លាក់ ដែលប្រទេសទាំងពីរ គួរតែសហការគ្នាឆ្លើយតប ចំពោះហេតុការណ៍ កើតឡើងបែបនោះៗទេ ។
កាសែតជប៉ុន ក្យូដូ បាននិយាយថា ជាប្រវត្តិសាស្ត្រ ប្រទេសជប៉ុន បានបដិសេធមិនធ្វើសេចក្តីអត្ថាធិប្បាយ ស្តីពីស្ថានភាពបន្ទាន់ធំៗនៅកោះតៃវ៉ាន់ ពាក់ព័ន្ធនឹងប្រទេសចិន ហើយគោលជំហរនេះ នៅតែមានដើម្បីជំរុញ ឲ្យមានកិច្ចពិភាក្សាស្វែងរក ដំណោះស្រាយសន្តិភាព ចំពោះភាពតានតឹង ។
គួរបញ្ជាក់ថា លោក Lloyd Austin និងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានជួបសមភាគីជប៉ុន នៅក្នុងទីក្រុងតូក្យូ កាលពីសប្ដាហ៍មុន ហើយនោះជាដំណើរទស្សនកិច្ចដំបូង ធ្វើឡើងដោយសមាជិកជាន់ខ្ពស់របស់គណៈរដ្ឋមន្ត្រីនៃលោកប្រធានាធិបតី ចូ បៃដិន៕
ប្រែសម្រួល៖ប៉ាង កុង