តូក្យូ ៖ ប្រធានក្រុមហ៊ុន អ្នកផ្តល់ កម្មវិធីផ្ញើសារ Line Corp បាននិយាយថា ទិន្នន័យអ្នកប្រើប្រាស់ របស់ខ្លួននៅប្រទេសជប៉ុន ទំាងអស់ត្រូវបានរក្សាទុក នៅប្រទេសកូរ៉េខាងត្បូង នឹងត្រូវផ្ទេរទៅមូលដ្ឋានទិន្នន័យ ក្នុងប្រទេសដើម្បីការពារ ព័ត៌មានផ្ទាល់ខ្លួន របស់អតិថិជនឲ្យកាន់ តែប្រសើរឡើង បន្ទាប់ពីមានការ ប៉ះពាល់នឹងទិន្នន័យនេះ ទៅនឹងសម្ព័ន្ធចិនដោយគ្មានការ យល់ព្រមពីអ្នកប្រើប្រាស់ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។
ការគ្រប់គ្រងទិន្នន័យនៃ Line ត្រូវបានប្រើប្រាស់ ដោយមនុស្សជាង ៨៦ លាននាក់ នៃប្រជាជនជប៉ុនប្រមាណ ១២៦ លាននាក់ ឥឡូវនេះកំពុងស្ថិត ក្រោមការត្រួតពិនិត្យ កាន់តែខ្លាំងឡើង បន្ទាប់ពីក្រុមហ៊ុនបាននិយាយ កាលពីសប្តាហ៍មុនថា ទិន្នន័យរបស់អ្នក ប្រើប្រាស់បែបនេះ ត្រូវបានរក្សាទុក នៅក្នុងប្រទេសជប៉ុន ត្រូវបានអ្នកបច្ចេកទេសនៅប្រទេសចិន ចូលទៅដោយមិនបានជូនដំណឹង ដល់ពួកគេតាមតម្រូវការនៃច្បាប់ឡើយ។
វាបានបង្កើនការព្រួយ បារម្ភលើភាពឯកជន និងសន្តិសុខជាតិ ដោយសារទិន្នន័យស្តី ពីអ្នកប្រើប្រាស់ក្រុមហ៊ុន និងអ្នកប្រើប្រាស់ដទៃទៀត នៅប្រទេសជប៉ុន អាចត្រូវបានផ្ទេរ ទៅរដ្ឋាភិបាលចិន ។ ប្រធានក្រុមហ៊ុន និងនាយកប្រតិបត្តិលោក Takeshi Idezawa បាននិយាយនៅសន្និសីទ កាសែតមួយថា ក្រុមហ៊ុនបានរារាំង ការចូលពីប្រទេសចិន ទៅឃ្លាំង ទិន្នន័យរបស់ខ្លួន ។ លោកបានបន្ថែមថា ក្រុមហ៊ុនបានបិទការងារ អភិវឌ្ឍន៍របស់ខ្លួន នៅក្នុងប្រទេសចិន។
បញ្ហាទាក់ទងនឹងការគ្រប់គ្រងទិន្នន័យ ក៏ហួសពីប្រទេសចិនដែរ Line បាននិយាយថា រូបថត និងវីដេអូដែលបានបង្ហោះ ដោយអ្នកប្រើប្រាស់ របស់ខ្លួន ក៏ត្រូវបានរក្សាទុក នៅប្រទេសកូរ៉េខាងត្បូងដែរ ។
លោក Idezawa បានបន្តថា នៅខែមិថុនាឯកសារទាំងអស់ រួមទាំងរូបថត របស់អ្នកប្រើ និងវីដេអូនឹងត្រូវផ្ទេរ ពីកូរ៉េខាងត្បូងទៅជប៉ុន ៕ដោយ៖លី ភីលីព