ព័ត៌មានអន្តរជាតិ

អាមេរិក​ ជំរុញតួកគី មិនឲ្យប្រើប្រព័ន្ធការពារ ដែន អាកាសរុស្ស៊ី S-400

បរទេស ៖ រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Antony Blinken នៅក្នុងជំនួបមួយជាមួយរដ្ឋមន្រ្តី ការបរទេសតួកគី លោក Mevlut Cavusoglu នាថ្ងៃពុធនេះ បានជំរុញទីក្រុងអង់ការ៉ា មិនឲ្យរក្សាទុកប្រព័ន្ធការពារដែន អាកាសរុស្ស៊ី S-400 ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ តាមសេចក្តីរាយការណ៍ ក្រសួងការបរទេស របស់សហរដ្ឋអាមេរិក បាននិយាយប្រាប់យ៉ាងដូច្នេះថា “លោករដ្ឋមន្ត្រី Blinken បានជំរុញប្រទេសតួកគី មិនឲ្យប្រើប្រាស់ប្រព័ន្ធការពារដែន អាកាសរុស្ស៊ី S-400” ។

ក្រៅពីនេះ លោករដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិក Antony Blinken ក៏បានបង្ហាញនូវក្តីព្រួយបារម្ភជុំវិញ ការដកខ្លួន របស់ប្រទេសតួកគី ចេញពីអនុសញ្ញាទីក្រុងអ៊ីស្តង់ប៊ុល ស្តីពីការទប់ស្កាត់និងប្រយុទ្ធប្រឆំាង អំពើហិង្សាលើស្ត្រី និងអំពើហិង្សាក្នុងផ្ទះ ។

តាមការចេញផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា លោករដ្ឋមន្ត្រីការបរទេសទាំងពីររូប ក៏បានពិភាក្សាគ្នាពីផល ប្រយោជន៍រួម នៅក្នុងប្រទេសស៊ីរី និងប្រទេសអាហ្វហ្គានីស្ថាន កិច្ចពិភាក្សាស្វែងយល់ រវាងសម្ពន្ធមិត្តណាតូ គឺតួកគីនិងក្រិក លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស ៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top