ព័ត៌មានអន្តរជាតិ

យោធាអាមេរិក ត្រូវតែបង្កើន ការប្រើប្រាស់ ឧបករណ៍វៃឆ្លាត

បរទេស ៖ លោកឧត្តមសេនីយ៍ Michael Groen តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់សន្និបាត ឧស្សាហកម្មមួយ នៅក្នុងសប្ដាហ៍នេះថា យោធាសហរដ្ឋអាមេរិក ត្រូវតែបង្កើនការប្រើប្រាស់ ឧបករណ៍វៃឆ្លាត បើមិនដូច្នោះទេ នឹងដើរក្រោយពួកបច្ចាមិត្ត ។

លោក Michael Groen ដែលជាប្រធានមជ្ឈមណ្ឌល ឧបករណ៍វៃឆ្លាតចម្រុះ របស់មន្ទីរបញ្ចកោណ បាននិយាយ ប្រាប់សន្និបាត សមាគមឧស្សាហកម្មការពារជាតិ នៅថ្ងៃអង្គារសប្ដាហ៍នេះថា ទិន្នន័យត្រូវតែមានលក្ខណៈស្តង់ដារ សេវាកម្មត្រូវ តែបានប្រើប្រាស់ ហើយឧបករណ៍វៃឆ្លាត ត្រូវតែដាក់បញ្ចូលក្នុងប្រតិបត្តិការយោធា ។

យោងតាមសេចក្តី រាយការណ៍មួយ ចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា លោកបានមាន ប្រសាសន៍បន្ថែមទៀត យ៉ាងដូច្នេះថា ស្របពេលដែលការប្រើប្រាស់ ឧបករណ៍វៃឆ្លាត របស់យោធាបច្ចុប្បន្ន គឺជាការបោះជំហានមួយ ក្នុងទិសដៅដ៏ត្រឹមត្រូវនោះ យើងចាំបាច់ត្រូវតែចាប់ផ្តើម ពង្រឹងលើវា ។

លោក Michael Groen បានធ្វើការកត់សម្គាល់ថា ប្រទេសចិនបាននិយាយ ក្នុងពេលថ្មីៗនេះថា ខ្លួនមានបំណងកសាងភាព លេចធ្លោរលើឧបករណ៍វៃឆ្លាត នៅត្រឹមឆ្នាំ២០៣០ ស្របពេលដែលមន្ទីរបញ្ចកោណ បានផ្តោតលើគោលដៅ នៃកម្មវិធីមានរយៈពេល៥ឆ្នាំ ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top