បរទេស៖ កោះតៃវ៉ាន់និងសហរដ្ឋអាមេរិក នៅពេលថ្មីៗនេះ បានចុះហត្ថលេខា កិច្ចព្រមព្រៀងដំបូងរបស់ខ្លួន ក្រោមរដ្ឋបាលលោក បៃដិន បង្កើតក្រុមការងារការពារតំបន់ឆ្នេរ ដើម្បីសម្របសម្រួលគោលនយោបាយ ក្រោយចិនអនុម័តច្បាប់អនុញ្ញាត ឲ្យកងកម្លាំងការពារដែនសមុទ្រខ្លួន បាញ់ទៅលើនាវាបរទេស។
គួរបញ្ជាក់ថា រដ្ឋាភិបាលថ្មី របស់លោកប្រធានាធិបតី សហរដ្ឋអាមេរិក ចូ បៃដិន បានបោះជំហានធានាជាថ្មី ដល់កោះតៃវ៉ាន់ដែលចិន អះអាងកម្មសិទ្ធិនោះថា ការប្តេជ្ញារបស់អាមេរិក ចំពោះកោះតៃវ៉ាន់ គឺមានភាពរឹងមាំ។
មន្ត្រីតំណាងឯកអគ្គរដ្ឋទូតតៃវ៉ាន់ ប្រចាំនៅសហរដ្ឋអាមេរិក លោកស្រី Hsiao Bi-khim បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងមួយ នៅទីក្រុងវ៉ាស៊ីនតោន នាថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ នេះបើតាមការនិយាយប្រាប់ ពីការិយាល័យរបស់លោកស្រី នៅក្នុងសេចក្តីថ្លែងការណ៍មួយ។
លោកស្រីបានមានប្រសាសន៍យ៉ាងដូច្នេះថា “វាគឺជាក្តីសង្ឃឹមរបស់យើង ជាមួយក្រុមការងារការពារដែនសមុទ្រថ្មី ភាគីទាំងពីរ នឹងជំរុញ ឲ្យមានភាពជាដៃគូកាន់តែរឹងមាំ និងរួមចំណែកកនា់តែច្រើន ចំពោះសេរីភាពនិងភាពបើកចំហ នៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក”៕ ប្រែសម្រួល៖ប៉ាង កុង