បរទេស៖ ក្រោយរយៈពេលប៉ុន្មានថ្ងៃ បន្ទាប់ពីអង់គ្លេស បានដាក់ទណ្ឌកម្មលើទីក្រុងប៉េកាំង ពីបទរំលោភសិទ្ធិមនុស្ស លើពលរដ្ឋជនជាតិភាគតិច Uighur នោះ នៅថ្ងសុក្រនេះ ប្រទេសចិនបានធ្វើការសងសឹកវិញ ដោយចុះបញ្ជីខ្មៅជនជាតិ និងអង្គភាពអង់គ្លេស ដែលផ្សព្វផ្សាយពាក្យកុហក និងព័ត៌មានមិនពិត។

ក្រសួងការបរទេសរបស់ប្រទេសចិន បានប្រកាសទណ្ឌកម្ម ប្រឆាំងបុគ្គលចំនួន៩ និងអង្គភាពអង់គ្លេសចំនួន៤ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលគម្រាមចាត់វិធានការបន្ថែមទៀត ប្រសិនបើមានភាពចាំបាច់នោះ។

តាមសេចក្តីរាយការណ៍ ក្រសួងការបរទេសចិន បាននិយាយដូច្នេះថា “ប្រទេសចិនបានប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ ក្នុងកិច្ចការពារអធិបតេយ្យជាតិ សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍ខ្លួន និងបានព្រមានភាគីអង់គ្លេស មិនឲ្យដើរខុសផ្លូវ កាន់តែជ្រៅថែមទៀត បើមិនដូច្នោះទេ ប្រទេសចិននឹងមានប្រតិកម្ម ថែមទៀតយ៉ាងដាច់ខាត”។
គួរបញ្ជាក់ថា ទណ្ឌកម្មទាំងនោះ គឺហាមឃាត់មន្ត្រីអង់គ្លេសនិងគ្រួសារ មិនឲ្យចូលក្នុងប្រទេសចិន ព្រមទាំងបង្កកទ្រព្យសម្បត្តិណាមួយ ដែលពួកគេមាននៅក្នុងព្រំដែនចិន និងហាមឃាត់ពលរដ្ឋចិន មិនឲ្យធ្វើពាណិជ្ជកម្មជាមួយពួកគេ៕ ប្រែសម្រួល៖ប៉ាង កុង
