បរទេស៖ ប្រវត្តិវិទូម្នាក់ ដែលជំនាញក្នុងប្រវត្តិសាស្ត្រកូរ៉េខាងជើង បាននិយាយថា មេដឹកនាំបង្កើតប្រទេសកូរ៉េខាងជើង ប្រហែលជាមិនទទួលបានអំណាចទេ ប្រសិនបើគ្មានយុទ្ធនាការ ឃោសនាសូវៀតនិងការបង្ក្រាប ដែលជួយលោកវាយគូបដិបក្ខឲ្យបរាជ័យ ក្រោយសង្គ្រាមលោកលើកទីពីរ។
តួនាទីដ៏មហិមារបស់ទីក្រុងមូស្គូ ក្នុងការបង្កើតប្រទេសកូរ៉េខាងជើង ត្រូវបានគេបំភ្លេចជាយូរមកហើយ ប៉ុន្តែបើគ្មានការជួយពីរុស្ស៊ីទេនោះ លោក គីម អ៊ីលស៊ុង ដែលជាជីតារបស់លោក គីម ជុងអ៊ុន ប្រហែលជាគ្មានឈ្មោះក្នុងប្រវត្តិសាស្ត្រនោះទេ។

លោក Balazs Szalontai ជាសាស្ត្រាចារ្យនៃការសិក្សាពីកូរ៉េខាងជើង នៅសាកលវិទ្យាល័យកូរ៉េ បានថ្លែងថា លោក គីម អ៊ីលស៊ុង គឺជាឥស្សរជនតូចតាចមួយរូប នៅក្នុងកងពលតូចឯករាជ្យលេខ៨៨ របស់កងទ័ពក្រហមសូវៀត នៅមុនពេលអ្នកគ្រប់គ្រង ជ្រើសរើសរូបលោក ក្នុងចំណោមក្រុមបេក្ខភាព ដែលទំនងរួមមានទំាងជនជាតិកូរ៉េ មកពីសហភាពសូវៀត។
គួរបញ្ជាក់ថា ទីក្រុងមូស្គូនិងទីក្រុងវ៉ាស៊ីនតោន បានព្រមព្រៀងគ្នា បំបែកការគ្រប់គ្រងលើឧបទ្វីបកូរ៉េ ក្រោមភាពជាអ្នកទទួលគ្រប់គ្រង បន្ទាប់ពីកងកម្លាំងសូវៀត ឆ្លងចូលក្នុងតំបន់ Manchuria ជាទីដែលពួកគេទទួលបាន ការចុះចាញ់របស់ជប៉ុន៕ ប្រែសម្រួល៖ប៉ាង កុង
