រ៉ងហ្គូន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋប្រហារមីយ៉ាន់ម៉ា បានធ្វើការប្រមូលផ្តុំគ្នាជាច្រើនទៀត នៅថ្ងៃសុក្រនេះ បន្ទាប់ពីយោធាត្រូវបានគេរាយការណ៍ថា បានបាញ់សម្លាប់មនុស្ស០៩នាក់ នៅមួយថ្ងៃមុននេះ ។
ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា ការតវ៉ាដោយអុជទៀន បានកើតឡើង នៅទូទាំងប្រទេសពេញមួយយប់ ដោយរាប់បញ្ចូលទាំងនៅតំបន់ម៉ាន់ដាណ និងម៉ានដាន ក៏ដូចជានៅក្នុងរដ្ឋការ៉ែន និងជិន ផងដែរ ។
សារព័ត៌មាន Mizzima បានរាយការណ៍ថា នៅក្នុងទីក្រុងម៉ាន់ដាឡេន របស់ប្រទេសមីយ៉ាន់ម៉ា ក្រុមអ្នកតវ៉ាបានដើរក្បួន នៅព្រឹកថ្ងៃសុក្រនេះ នៅមុខបដា “ចលនាមិនគោរពតាមរដ្ឋ” ។
ប្រទេសមីយ៉ាន់ម៉ា បានផ្ទុះការតវ៉ាស្ទើរតែរាល់ថ្ងៃ ចាប់តាំងពីកងទ័ព បានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោត របស់លោកស្រី អ៊ុងសាន ស៊ូជី និងបានបង្កើតរបបយោធា ។
គួរបញ្ជាក់ថា លោកស្រី អ៊ុងសាន ស៊ូជី ដែលបានឈ្នះរង្វាន់ណូបែលសន្តិភាព ក្នុងឆ្នាំ១៩៩១ សម្រាប់យុទ្ធនាការរបស់លោកស្រី ដើម្បីនាំការគ្រប់គ្រងស៊ីវិល ដល់ប្រទេសមីយ៉ាន់ម៉ា និងសមាជិកដទៃទៀត នៃគណបក្សសម្ព័ន្ធជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ របស់លោកស្រី កំពុងត្រូវបានឃុំខ្លួន ។
យោងតាមទិន្នន័យពីក្រុមតស៊ូមតិ និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា ពលរដ្ឋជាង៣០០នាក់ ត្រូវបានសម្លាប់ នៅក្នុងការបង្ក្រាបជាបន្តបន្ទាប់ ដោយជនរងគ្រោះជិត៩០ភាគរយ ត្រូវបានបាញ់សម្លាប់ និងមួយភាគបីនៃពួកគេ ត្រូវបានបាញ់ចំក្បាល ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា