តៃប៉ិ៖ ក្រសួងការពារជាតិកោះតៃវ៉ាន់ បានឲ្យដឹងថា យន្តហោះចម្បាំងចិនចំនួន ២០ គ្រឿងបានចូលក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់កោះតៃវ៉ាន់ កាលពីថ្ងៃសុក្រ ដែលបានបន្ដភាពតានតឹងនៅក្នុងតំបន់កាន់តែខ្លាំងឡើង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
សកម្មភាពរបស់ចិន ទំនងជាឆ្លើយតបទៅនឹងការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងសហរដ្ឋអាមេរិក និងកោះតៃវ៉ាន់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងឆ្មាំសមុទ្ររបស់ប្រទេសសម្ព័ន្ធមិត្ដទាំងពីរ។
យន្ដហោះចម្បាំងដែលចូលរួមក្នុងការឈ្លានពានរួមមានយន្ដហោះចម្បាំង J-16 ចំនួន ១០ គ្រឿងនិងយន្តហោះទម្លាក់គ្រាប់បែក H-6K ចំនួន ៤ គ្រឿង ហើយយន្ដហោះខ្លះថែមទាំងបានឆ្លងកាត់ប៉ុស្តិ៍បាស៊ី ដើម្បីចូលដែនអាកាសនៅខាងកើតកោះតៃវ៉ាន់ទៀតផង។
នេះជាការលុកលុយដ៏ធំបំផុត ដែលបានកើតឡើងដោយកងទ័ពអាកាសចិន ចាប់តាំងពីក្រសួងការពារជាតិតៃវ៉ាន់ បានចាប់ផ្តើមបង្ហាញការហោះហើរយោធារបស់ចិន ស្ទើរតែរាល់ថ្ងៃនៅលើដែនទឹករវាងភាគខាងត្បូងនៃកោះតៃវ៉ាន់ និងកោះប៉ាត្រាស ដែលគ្រប់គ្រងដោយតៃវ៉ាន់ នៅសមុទ្រចិនខាងត្បូង។
សម្ពាធកាន់តែខ្លាំងឡើងរបស់ចិន លើកោះនេះដែលក្រុងប៉េកាំងចាត់ទុកជាខេត្ត ដែលមិនចេះរីងស្ងួត កំពុងរង់ចាំការបង្រួបបង្រួមដោយកម្លាំងបើចាំបាច់ គឺជាប្រភពនៃការព្រួយបារម្ភនៅសហរដ្ឋអាមេរិក។
គយរបញ្ជាក់ថា តាមរយៈទំនាក់ទំនងក្រៅផ្លូវការជាមួយតៃប៉ិ និងសហរដ្ឋអាមេរិក បានបន្តជួយកោះប្រជាធិបតេយ្យក្នុងការរក្សានូវសមត្ថភាពការពារខ្លួនគ្រប់គ្រាន់ ដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ប្រទេសចិន៕
ដោយ ឈូក បូរ៉ា