ព័ត៌មានអន្តរជាតិ

រុស្ស៊ី អះអាងពីការផ្គត់ផ្គង់ ខាងយោធា ទៅឱ្យមីយ៉ាន់ម៉ា ក្នុងពេលដែលប្រទេសនេះ កំពុងបង្ក្រាប ទៅលើអ្នកតវ៉ា ដែលប្រឆាំងរដ្ឋប្រហារ

បរទេស ៖ អនុរដ្ឋមន្រ្តីក្រសួង ការពារជាតិ រុស្ស៊ី លោក Alexander Fomin បាននិយាយកាលពីថ្ងៃសុក្រ នៅឯកិច្ចប្រជុំមួយ ជាមួយមេបញ្ជាការ Min Min Hlaing ថា ប្រទេសរុស្ស៊ីនិងប្រទេសមីយ៉ាន់ម៉ា កំពុងពង្រឹងទំនាក់ទំនងការពារជាតិ ឱ្យកាន់តែខ្លាំង នៅពេល ដែលការផ្គត់ផ្គង់យោធា របស់ទីក្រុងមូស្គូ នឹងនៅតែបន្តមាន នៅក្នុងប្រទេសនេះ ។

យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោក Fomin បានកត់សម្គាល់ថា ជាដំណើរទស្សនកិច្ច ជាន់ខ្ពស់មួយជាលើកដំបូងរបស់រុស្ស៊ី ទៅកាន់ ប្រទេសមីយ៉ាន់ម៉ា ដោយមន្រ្តីការបរទេស ចាប់តាំងពីប្រទេសនេះ ត្រូវបានរញ្ជួយ ដោយរដ្ឋប្រហារយោធា ដែលបានទម្លាក់មេដឹកនាំ ដែលបានជាប់ឆ្នោត របស់ខ្លួនកាលពីខែកុម្ភៈ។

លោក Fomin បាននិយាយនៅក្នុងកិច្ចប្រជុំនោះថា “សហព័ន្ធរុស្ស៊ីប្រកាន់ខ្ជាប់នូវបន្ទាត់យុទ្ធសាស្ត្រ ដើម្បីពង្រឹងទំនាក់ទំនង រវាងប្រទេសទាំងពីរ” ។

អនុរដ្ឋមន្រ្តីក្រសួងការពារជាតិ រូបនេះបានបន្ថែម ថា ប្រទេសរុស្ស៊ីចាត់ទុកប្រទេសមីយ៉ាន់ម៉ា ជាសម្ព័ន្ធមិត្តនិងយុទ្ធសាស្ត្រ ដែលអាចជឿទុកចិត្ត បាននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលធំជាងនេះ។

សូមជម្រាបថា នៅអែបនឹងប្រទេស ចិន, រុស្ស៊ីបានការពារមីយ៉ាន់ម៉ា ពីការរិះគន់ម្តងហើយម្តងទៀត នៅឯអង្គការសហប្រជាជាតិ ជុំវិញការបង្ក្រាបរបស់ខ្លួន ទៅលើប្រជាជនរ៉ូហ៊ីងយ៉ា ដែលកាន់សាសនាឥស្លាម ។ ប្រទេសរុស្ស៊ីក៏បានបន្តគាំទ្រ ដល់ថ្នាក់ដឹកនាំយោធារបស់មីយ៉ាន់ម៉ា ដោយបានហៅរដ្ឋប្រហារនេះថា ជា“ កិច្ចការផ្ទៃក្នុង របស់រដ្ឋអធិបតេយ្យ” ៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top