សេអ៊ូល ៖ ប្រទេសកូរ៉េខាងជើង នៅថ្ងៃចន្ទនេះបានចោទប្រកាន់ ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ (UNSC) ថាបានរំលោភអធិបតេយ្យភាព របស់ខ្លួន និងអនុវត្ត“ ស្តង់ដារទ្វេ” ខណៈដែលខ្លួនគ្រោងនឹង បើកកិច្ចប្រជុំនៅសប្តាហ៍នេះ ដើម្បីពិភាក្សាពីការបាញ់មីស៊ីលថ្មីៗនេះរបស់ក្រុងព្យុងយ៉ាង។
លោក Jo Chol-su អគ្គនាយក នៃនាយកដ្ឋានអង្គការអន្តរជាតិ នៃ ក្រសួងការបរទេស កូរ៉េខាងជើង បានធ្វើការរិះគន់នៅក្នុងសេចក្តីថ្លែងការណ៍មួយ ព្រោះថា UNSC នឹងបើកកិច្ចប្រជុំបិទទ្វារ នៅថ្ងៃអង្គារនេះ បន្ទាប់ពីកូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីល ផ្លោងរយៈចម្ងាយខ្លី ចំនួនពីរគ្រាប់ កាលពីសប្តាហ៍មុន។
តាមសម្ដីរបស់លោកបានបញ្ជាក់ថា “ ខ្ញុំសូមបដិសេធដាច់ខាត ចំពោះចលនារបស់ UNSC ថាជាការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើសេចក្តីថ្លៃថ្នូររបស់រដ្ឋឯករាជ្យ និងអធិបតេយ្យភាពរបស់ខ្លួន និងការរំលោភលើធម្មនុញ្ញអង្គការ សហប្រជាជាតិ ព្រោះ UNSC កំពុងបើកការប្រជុំ និងធ្វើការស៊ើបអង្កេតលើកូរ៉េខាងជើង ដោយភាពលំអៀងនិងស្តង់ដារទ្វេ”។
លោកបានបន្ថែមថា“ យើងនឹងមិនអត់អោន ចំពោះការផ្លាស់ប្តូររបស់សមាជិកមួយចំនួននៃ UNSC ចំពោះការរំលោភបំពានរបស់អង្គការសហប្រជាជាតិ ក្នុងការស្វែងរកជំហរអព្យាក្រឹត ដើម្បីដើរលើអធិបតេយ្យភាពនៃប្រទេសឯករាជ្យ និងត្រួតពិនិត្យការអភិវឌ្ឍរបស់ពួកគេ រាល់ការប៉ុនប៉ងរំលោភលើសិទ្ធិរបស់យើង ដើម្បីការពារខ្លួននឹងជៀសមិនរួចនូវវិធានការតបតវិញនោះទេ”។
លោកបានបន្ថែមថា“ ប្រសិនបើនេះជាការប្រព្រឹត្ត របស់អង្គការ UNSC យើងត្រូវបង្ខំចិត្តពិនិត្យករណីរបស់សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងបារាំង ដើម្បីជជែកគ្នាជា មួយវិធានការការពារខ្លួន របស់យើង” ។
គួរបញ្ជាក់ថា កូរ៉េខាងជើង បានបញ្ជាក់នៅថ្ងៃសុក្រ សប្ដាហ៍មុននេះថា ខ្លួនបានបាញ់សាកល្បងមីស៊ីល បាលីស្ទីកយុទ្ធសាស្ត្រថ្មីមួយថ្ងៃមុន ដោយគ្មានវត្តមានចូលរួម ពីមេដឹកនាំលោក គីម ជុងអ៊ុន នោះទេ ៕
ដោយ ឈូក បូរ៉ា