ព័ត៌មានអន្តរជាតិ

មេដឹកនាំរដ្ឋាភិបាល យោធាមីយ៉ានម៉ា ប្តេជ្ញាលើលទ្ធិប្រជាធិបតេយ្យ នៅពិធីព្យុហយាត្រានៃទិវាកងទ័ព 

បរទេស៖ មេដឹកនាំរដ្ឋាភិបាលយោធា នៃប្រទេសមីយ៉ានម៉ា លោក មីន អ៊ុងឡាំង បានលើកឡើងជាថ្មីនូវការប្តេជ្ញារបស់លោក ក្នុងការប្រារព្ធធ្វើការបោះឆ្នោត ក្រោយការធ្វើរដ្ឋប្រហារកាលពីខែមុន និងបាននិយាយថា អំពើហិង្សា ជាទង្វើមិនសមស្រប ស្របពេលដែលកងទ័ពប្រើកម្លាំងបង្ក្រាបលើក្រុមអ្នកតវ៉ាប្រឆាំងនឹងរដ្ឋប្រហារ។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា ក្នុងខណៈថ្លែងនៅក្នុងពិធីព្យុហយាត្រានៃទិវាកងទ័ពប្រចាំឆ្នាំ លោក បានសម្តែងការស្វាគមន៍ចំពោះវត្តមាននៃកងកម្លាំងរុស្ស៊ី និងបាននិយាយថា រុស្ស៊ីគឺជាមិត្តពិតប្រាកដ។

មេដឹកនាំយោធាភូមារូបនេះ មានថ្លែងប្រាប់ថា កងទ័ពចាំបាច់ត្រូវតែដណ្តើមអំណាចនៅថ្ងៃទី០១ ខែកុម្ភៈ ព្រោះតែទង្វើមិនស្របច្បាប់ ធ្វើឡើងដោយបក្សសម្ព័ន្ធដើម្បីលទ្ធិប្រជាធិបតេយ្យជាតិរបស់លោកស្រី អ៊ុង សានស៊ូជី។
លោក មីន អ៊ុងឡាំង បានមានប្រសាសន៍បន្ថែមទៀតថា មេគណបក្សខ្លះ ត្រូវបានរកឃើញមានទោសពីបទពុករលួយ ហើយចំណាត់ការស្របច្បាប់ កំពុងតែត្រូវបានធ្វើឡើងទៅលើពួកគេទាំងនោះ៕ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top