តូក្យូ៖ ប្រភពពីរដ្ឋាភិបាលបានឲ្យដឹងថា ប្រទេសជប៉ុន កំពុងពិចារណាលើការពង្រីក ទណ្ឌកម្មរបស់ខ្លួនប្រឆាំង នឹងប្រទេសកូរ៉េខាងជើង ក្នុងគោលបំណងរក្សាសម្ពាធទៅលើទីក្រុងព្យុងយ៉ាងដើម្បីរំសាយ អាវុធនុយក្លេអ៊ែរ និងដោះស្រាយនូវការចាប់ជំរិត ជនជាតិជប៉ុនរបស់ខ្លួន។
ការដាក់ទណ្ឌកម្មនេះរួមមាន ការហាមឃាត់សរុបលើពាណិជ្ជកម្មទ្វេភាគី និងហាមឃាត់ការចូលទៅក្នុងប្រទេសជប៉ុននៃនាវា និងកប៉ាល់ ដែលបានចុះបញ្ជីរបស់កូរ៉េខាងជើង ដែលបានឈប់នៅកំពង់ផែកូរ៉េខាងជើង។
សកម្មភាពនេះកើតឡើងបន្ទាប់ពីកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងចំនួន ២ គ្រាប់ចេញពីឆ្នេរខាងកើតរបស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ ដែលជាការបង្កហេតុលើកដំបូងក្នុងមួយឆ្នាំ ដោយរំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ។
ខុទ្ទកាល័យនាយករដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga គ្រោងនឹងអនុម័តលើការពន្យាពេលនៅដើមខែមេសា មុនពេលវិធានការនេះផុតកំណត់នៅថ្ងៃទី១៣ ខែមេសា។
នៅក្នុងនោះដែរ រដ្ឋាភិបាលជប៉ុន បានអំពាវនាវឱ្យមានការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក និងប្រទេសដទៃទៀតក្នុងការបង្កើនសម្ពាធលើប្រទេសកូរ៉េខាងជើង។
លោកក៏ចង់ដោះស្រាយនូវការចាប់ជំរិតជនជាតិជប៉ុននៅទសវត្សឆ្នាំ ១៩៧០ និង ១៩៨០ ដែលជាបញ្ហាមួយ ដែលជាឧបសគ្គដ៏ធំមួយរួមជាមួយការអភិវឌ្ឍន៍នុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង ក្នុងការធ្វើឲ្យមានទំនាក់ទំនងធម្មតារវាងតូក្យូ និងព្យុងយ៉ាង៕ដោយ ឈូក បូរ៉ា