ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ៖ ការបង្កើនកម្លាំង យោធារុស្ស៊ី គម្រាមកំហែង ដល់សន្តិសុខខ្លួន

បរទេស ៖ អគ្គមេបញ្ជាការ អ៊ុយក្រែន លោក Ruslan Khomchak បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសរុស្ស៊ី កំពុងតែបង្កើន កងកម្លាំងប្រដាប់អាវុធ នៅជិតព្រំដែនអ៊ុយក្រែន ជាការគម្រាមកំហែង ដល់សន្តិសុខប្រទេស និងបានចោទទីក្រុងមូស្គូ ពីបទប្រើប្រាស់គោល នយោបាយដ៏គឃ្លើន ចំពោះទីក្រុងកៀវ ។

នៅក្នុងការថ្លែង ទៅកាន់រដ្ឋសភា លោក ក៏បានចោទប្រកាន់ ពួកបះបោរគាំទ្រ ទីក្រុងមូស្គូ ពីបទបំពានជាប្រព័ន្ធ លើបទឈប់បាញ់គ្នាមួយ ក្នុងជម្លោះនៅអ៊ុយក្រែន ភាគខាងកើត ដែលបានព្រមព្រៀងគ្នា នៅក្នុងខែកក្កដា ឆ្នាំ២០២០ផងដែរ ។

ប្រទេសអ៊ុយក្រែននិងប្រទេសរុស្ស៊ី តាមសេចក្តីរាយការណ៍ នាពេលថ្មីៗកន្លងមកនេះ បានធ្វើការថ្កោលទោសចំពោះគ្នាទៅវិញទៅមក សម្រាប់ការកើនអំពើហិង្សាក្នុងជម្លោះ ដែលទីក្រុងកៀវនិយាយថា បានសម្លាប់មនុស្សចំនួន១៤.០០០នាក់ តាំងពីឆ្នាំ២០១៤មក។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា លោក Khomchak បាននិយាយប្រាប់រដ្ឋសភាយ៉ាងដូច្នេះថា “សហព័ន្ធរុស្ស៊ី បន្តគោលនយោបាយដ៏គឃ្លើនរបស់ខ្លួនចំពោះអ៊ុយក្រែន”៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top