បរទេស៖យោងតាមការចេញផ្សាយ របស់វេបសាយ CNA នៅថ្ងៃចន្ទនេះបានឲ្យដឹងថារោងចក្រថ្មីមួយ ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង Abu Dhabi នឹងចាប់ផ្តើម ដំណើរការផលិតវ៉ាក់សាំងរបស់ ក្រុមហ៊ុនឧិសថចិន Sinopharm ហើយនៅក្នុងឆ្នាំនេះស្ថិតនៅក្រោម កិច្ចព្រមព្រៀងសហការរួមគ្នារវាងក្រុមហ៊ុន Sinopharm ជាមួយនឹង
ក្រុមហ៊ុនបច្ចេកវិទ្យា Group 42របស់ទីក្រុង Abu Dhabi។
គម្រោងនេះផងដែរត្រូវបាន គេមើលឃើញថាគឺជាផ្នែកមួយនៃកិច្ចខំប្រឹងប្រែងរបស់ប្រទេសចិនដើម្បីបង្កើន ទំនាក់ទំនងការទូតជាមួយនឹងប្រទេសក្នុងតំបន់ឈូងសមុទ្រហ្គោហ្វ និងក៏ដូចជាដើម្បីជួយឲ្យ សហភាពអារ៉ាប់សម្រេចបាននូវផែនការធ្វើ បដិវត្តសេដ្ឋកិច្ចរបស់ខ្លួននិង ឈប់ពឹងផ្អែកទាំងស្រុងតែទៅលើផលិតកម្មដែលចេញ ពីថាមពលឧស្ម័នអ៊ីដ្រូកាបូននាពេលអនាគត។

នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នានៅ ថ្ងៃចន្ទនេះដែរក៏បានបញ្ជាក់ទៀតថារោងចក្រនេះ ត្រូវបានសាងសង់ឡើងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស Khalifa Industrial Zone of Abu Dhabi (KIZAD) ហើយនឹងអាចមានសមត្ថភាព ក្នុងការផលិតបានវ៉ាក់សាំង រហូតទៅដល់២០០ លានដូសក្នុងមួយឆ្នាំ។
កិច្ចព្រមព្រៀងរវាងគ្នានេះត្រូវបានគេដឹងថា ទើបតែត្រូវបានធ្វើឡើងកាលពីថ្ងៃអាទិត្យដោយសហភាពអារ៉ាប់ និងរដ្ឋមន្ត្រីក្រសួងការបរទេសចិនលោក Wang Yi ដែលកំពុងបំពេញទស្សនកិច្ច នៅទីនោះរយៈពេល ២ថ្ងៃដែល បានបញ្ចប់ទៅកាលពីថ្ងៃអាទិត្យសប្តាហ៍មុន៕ ប្រែសម្រួល៖ស៊ុនលី

