បរទេស ៖ សម្ពន្ធមិត្តណាតូ នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា យន្តហោះចម្បាំង របស់អង្គការណាតូ បានធ្វើការស្ទាក់ដំណើរ យន្តហោះយោធា របស់ប្រទេសរុស្ស៊ី ចំនួន៦ក្រុមផ្សេងគ្នា កាលពីថ្ងៃចន្ទសប្ដាហ៍នេះ ។
យន្តហោះមកពីអង្គការណាតូ បានហោះចេញយ៉ាងប្រញាប់ប្រញាល់ ចំនួន១០ដង ដើម្បីស្ទាក់ដំណើរយន្តហោះទម្លាក់ គ្រាប់និងយន្តហោះចម្បាំងរុស្ស៊ី នៅក្នុងអំឡុង ពេលធ្វើការហោះហើរ ខុសធម្មតាមួយ នៅជិតដែន អាកាសណាតូ ពីលើមហាសមុទ្រអាត្លង់ទិក ខាងជើង សមុទ្រខាងជើង សមុទ្រខ្មៅ និងសមុទ្រប៉ាល់ទិក ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ លោកឧត្តមសេនីយ៍ Andrew Hansen ជាអនុប្រធាននៃប្រតិបត្តិការបុគ្គលិក នៅទីបញ្ជាការដែនអាកាសសម្ពន្ធមិត្ត មូលដ្ឋានយោធា Ramstein ប្រទេសអាល្លឺម៉ង់ បាននិយាយថា ការស្ទាក់យន្តហោះរុស្ស៊ី ជាច្រើនក្រុម បង្ហាញពីភាពត្រៀម លក្ខណៈជាស្រេចនិងសមត្ថភាព របស់កងកម្លាំងណាតូ ក្នុងកិច្ចការពារដែនអាកាសសម្ពន្ធមិត្ត២៤ម៉ោងក្នុងមួយថ្ងៃ ៧ថ្ងៃក្នុងមួយសប្ដាហ៍និង៣៦៥ថ្ងៃក្នុងពេលមួយឆ្នាំ។
គួរបញ្ជាក់ថា ប្រទេសន័វេស តួកគី អង់គ្លេស ប៊ែលហ្ស៊ិក អ៊ីតាលី រ៉ូម៉ានី និងប៊ុលហ្គារី ទាំងអស់បានចូលរួម ក្នុងការចេញយន្តហោះ ដែលបានកើតមាន ក្នុងពេលតិចជាង ៦ម៉ោងកាលពីថ្ងៃចន្ទ ៕
ប្រែសម្រួល៖ប៉ាង កុង