ព័ត៌មានអន្តរជាតិ

វិមានក្រឹមឡាំង៖ ការចល័តយោធានៅជិតព្រំដែន អ៊ុយក្រែន ជាកិច្ចការពារខ្លួន មិនបង្កការគម្រាមកំហែងទេ

បរទេស៖វិមានក្រឹមឡាំងបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ការចល័តកងទ័ពនិងឧបករណ៍យោធារបស់រុស្ស៊ី នៅជិតព្រំដែនរុស្ស៊ីជាប់ប្រទេសអ៊ុយក្រែន នាពេលថ្មីៗនេះ មានគោលដៅធានាដល់សន្តិសុខផ្ទាល់ខ្លួនរបស់ទីក្រុងមូស្គូ និងមិនមែនជាការគម្រាម ចំពោះអ្នកណាម្នាក់នោះទេ។

អគ្គមេបញ្ជាការអ៊ុយក្រែន នៅក្នុងសប្ដាហ៍នេះ បានចោទប្រកាន់ទីក្រុងមូស្គូពីបទបង្កើនកងកម្លាំង នៅជិតព្រំដែន និងបាននិយាយថា ពួកបះបោរគាំទ្ររុស្ស៊ី កំពុងតែរំលោភបំពានជាប្រព័ន្ធ នូវបទឈប់បាញ់គ្នាមួយ នៅក្នុងប្រទេសអ៊ុយក្រែនភាគខាងកើត ស្របពេលដែលភាពតានតឹងកើនឡើង។

នៅថ្ងៃព្រហស្បតិ៍នេះ មន្ត្រីនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់អ្នកសារព័ត៌មាននៅសន្និសីទកាសែតមួយថា ទីក្រុងមូស្គូ បានចល័តកងទ័ពរបស់ខ្លួន នៅជុំវិញប្រទេសរុស្ស៊ី តាមដែលមើលឃើញថាសាកសម។

គួរបញ្ជាក់ថា ទីក្រុងកៀវនិងទីក្រុងមូស្គូ បានរិះគន់ដាក់គ្នា ចំពោះការផ្ទុះហិង្សានៅក្នុងតំបន់នាពេលថ្មីៗនេះ។ អ៊ុយក្រែននិយាយថា មនុស្សប្រមាណ១៤.០០០នាក់ ត្រូវបានសម្លាប់ក្នុងជម្លោះ ចាប់តាំងពីចាប់ផ្តើមផ្ទុះឡើងដំបូង នៅក្នុងឆ្នាំ២០១៤៕ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top