វ៉ាស៊ីនតោន ៖ សេតវិមានបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មន្រ្តីសន្តិសុខជាតិ ជាន់ខ្ពស់របស់សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង បានជួបប្រជុំគ្នាត្រីភាគី ដើម្បីពិភាក្សាពីការពិនិត្យឡើងវិញ នូវគោលនយោបាយ របស់សហរដ្ឋអាមេរិក លើកូរ៉េខាងជើង និងបញ្ហាក្នុងតំបន់ផ្សេងទៀត។
ទីប្រឹក្សាសន្តិសុខជាតិ បានចែករំលែកការព្រួយបារម្ភ របស់ពួកគេ អំពីកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោង របស់កូរ៉េខាងជើង និងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការដោះស្រាយ បញ្ហាទាំងនេះតាមរយៈកិច្ចសហប្រតិបត្តិការ ត្រីភាគីឆ្ពោះទៅរកការរំសាយអាវុធនុយក្លេអ៊ែរ។
សេចក្តីថ្លែងការណ៍បានបន្ថែមថា “ ភាគីទាំង៣ បានឯកភាពលើភាព ចាំបាច់ សម្រាប់ការអនុវត្តពេញលេញ នៃដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ដែលពាក់ព័ន្ធដោយសហគមន៍អន្តរជាតិ ការពារការរីកសាយអាវុធ និងកិច្ចសហប្រតិបត្តិការ ដើម្បីពង្រឹង ការទប់ស្កាត់ និងថែរក្សាសន្តិភាព និងស្ថិរភាពនៅឧបទ្វីបកូរ៉េ” ។
សេចក្តីថ្លែងការណ៍បានឲ្យដឹងទៀតថា កិច្ចពិភាក្សានេះក៏បានគ្របដណ្តប់ លើបញ្ហា នៃការរាតត្បាតជំងឺកូវីដ-១៩ ការផ្លាស់ប្តូរអាកាសធាតុនិងស្ថានភាព នៅក្នុងប្រទេសមីយ៉ាន់ម៉ា ផងដែរ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន កាលពីសប្តាហ៍មុនបានព្រមាន ដល់កូរ៉េខាងជើង កុំឲ្យបង្កើនស្ថានការណ៍តានតឹង បន្ទាប់ពីប្រទេសនេះបានបាញ់កាំជ្រួច យុទ្ធសាស្ត្រថ្មី ដែលទើបនឹងបង្កើតថ្មី ចំនួនពីរគ្រាប់ចូលសមុទ្រខាងកើត។
លោក Ri Pyong Chol លេខាធិការគណៈកម្មាធិការកណ្តាល នៃ គណបក្សពលករកូរ៉េបានឆ្លើយតបថា “ ការលើកឡើងបែបនេះ របស់ប្រធានាធិបតីអាមេរិក គឺជាការរំលោភបំពាន ដោយគ្មានការបញ្ជាក់ អំពីសិទ្ធិរបស់រដ្ឋ របស់យើងក្នុងការការពារខ្លួន និងបង្កហេតុ”៕
ដោយ ឈូក បូរ៉ា