ព័ត៌មានអន្តរជាតិ

គ្រាប់រ៉ុក្កែត ២គ្រាប់ ផ្លោងធ្លាក់ជិតមូលដ្ឋាន ទ័ពអាកាស នៅខេត្តភាគខាងជើង អ៊ីរ៉ាក់

បាដាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ថា យោធាអ៊ីរ៉ាក់ បាននិយាយថា គ្រាប់រ៉ុក្កែតចំនួន០២គ្រាប់បានផ្លោងកាលពីថ្ងៃអាទិត្យ ធ្លាក់មកជិតមូលដ្ឋានទ័ពអាកាស នៅក្នុងខេត្ត Salahudin ស្ថិតនៅភាគខាងជើងរដ្ឋធានីបាដាដ ប្រទេសអ៊ីរ៉ាក់ ។

សេចក្តីប្រកាសមួយដែលចេញដោយការិយាល័យ ព័ត៌មាននៃសេនាធិការចម្រុះអ៊ីរ៉ាក់ បានឲ្យដឹងថា គ្រាប់រ៉ុក្កែតបានធ្លាក់លើដី នៅវេលាម៉ោង១២និង១៥នាទីល្ងាច ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង០៩និង១៥នាទីយប់ នៅជិត មូលដ្ឋានទ័ពអាកាស Balad ចម្ងាយប្រមាណ៩០គីឡូម៉ែត្រ ស្ថិតនៅភាគខាងជើងនៃក្រុងបាដាដ ដោយមិនបង្កឲ្យមានអ្នកស្លាប់ឡើយ ។

គ្រាប់រ៉ុក្កែតត្រូវបានបាញ់ចេញពី al-Dojama ដែលជាតំបន់មួយដែលឆ្លងកាត់ទន្លេ Tigris ក្នុងខេត្តជិតគ្នា Diyala ។ នៅក្នុងសេចក្តីប្រកាស បានដាក់ថាដូច្នេះ ។

សេចក្តីព័ត៌មានបានដាក់ទៀតថា មានផ្ទះជាច្រើនខ្នង នៅក្នុងមូលដ្ឋានទ័ពអាកាស ដែលមានយន្តហោះប្រតិកម្មរបស់អ៊ីរ៉ាក់ ជាច្រើនគ្រឿងនៅទីនោះដែរ ។

គួរបញ្ជាក់ថា Balad គឺជាមូលដ្ឋានទ័ពអាកាស ដ៏ធំបំផុតនៅក្នុងប្រទេសអ៊ីរ៉ាក់ និងនៅមានផ្ទះជាច្រើនខ្នង ដែលធ្លាប់មានក្រុមអ្នកជំនាញការ និងទីប្រឹក្សារបស់សហរដ្ឋអាមេរិក នៅស្នាក់អាស្រ័យទីនោះ ។ កងទ័ពអាមេរិក បានដកចេញប្រមាណជាង១ឆ្នាំមកហើយ បន្ទាប់ពីមានគ្រាប់រ៉ុក្កែតផ្លោងចំទីនោះ ដោយក្រុមសកម្មប្រយុទ្ធដែលមិន ស្គាល់អត្តសញ្ញាណ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top