ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានចុះហត្ថលេខាលើច្បាប់ថ្មីមួយ ត្រួសត្រាយផ្លូវសម្រាប់លោក ដើម្បីកាន់តំណែងជាប្រធានាធិបតី ២អាណត្តិបន្ថែមទៀត ។ ដោយបានផ្តល់សក្តានុពល ក្នុងការបន្តការគ្រប់គ្រងប្រទេស របស់លោករហូតដល់ឆ្នាំ ២០៣៦ ។ នេះបើតាមការឱ្យដឹងពី CNN។
បុរសខ្លាំង ពូទីន ឆ្នាំនេះមានអាយុ ៦៩ឆ្នាំ បច្ចុប្បន្នកំពុងកាន់តំណែង ជាប្រធានាធិបតីអាណត្តិទី៤ ដែលនឹងត្រូវបញ្ចប់នៅឆ្នាំ ២០២៤ខាងមុខ ។ ចំពោះច្បាប់ថ្មី ដែលបានប្រកាស កាលពីថ្ងៃ ច័ន្ទម្សិលមិញ អាចអនុញ្ញាត ឱ្យលោកបម្រើការ ២អាណត្តិទៀត ប្រសិនបើលោក ត្រូវបានជ្រើសរើសឈរ ឈ្មោះនិង ឈ្នះទាំង២ដង ។
គួរឱ្យដឹងថា ច្បាប់ថ្មីដែលបានចុះហត្ថលេខា ដោយលោក ពូទីន គឺជាលទ្ធផលផ្លូវការ នៃការធ្វើប្រជាមតិ កាលពីឆ្នាំមុន ស្តីពីការធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ របស់ប្រទេសរុស្ស៊ី៕