ម៉ូស្គូ៖ ប្រទេសរុស្ស៊ី បានសម្តែងការព្រួយបារម្ភ កាលពីថ្ងៃចន្ទ អំពីផែនការរបស់ សហរដ្ឋអាមេរិកនិងអង់គ្លេស ដើម្បីដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យម និងខ្លី ដែលត្រូវបាន ហាមឃាត់ពីមុនមក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងថា ថ្មីៗនេះ មន្រ្តីមន្ទីរប៉ង់តាហ្គោននៅសហរដ្ឋអាមេរិក បានធ្វើសេចក្តីថ្លែងការណ៍អំពីជំហានជាក់ស្តែង ដែលត្រូវការដើម្បីដាក់ពង្រាយ នៅក្នុងតំបន់ផ្សេងៗនៃមីស៊ីលរយៈចម្ងាយមធ្យម និងខ្លី ដែលមានមូលដ្ឋាននៅលើពិភពលោក ដែលត្រូវបានហាមឃាត់ពីមុនដោយសន្ធិសញ្ញាកម្លាំង នុយក្លេអ៊ែរកម្រិតមធ្យម (INF) ។
សេចក្តីរាយការណ៍បានកត់សម្គាល់ថា យោធាអង់គ្លេស ក៏បានចូលរួមនៅក្នុងសេចក្តីថ្លែងការណ៍និងសកម្មភាព “អរិភាព ដោយអស្ថេរភាព” នៅក្នុងបញ្ហានេះផងដែរ។ ផែនការនេះ នឹងបង្រួមចន្លោះ សម្រាប់ដំណោះស្រាយការទូត ចំពោះបញ្ហាសន្ធិសញ្ញា INF ។
សេចក្តីថ្លែងការណ៍បានឲ្យដឹងទៀងថា ប្រទេសរុស្ស៊ី នឹងបន្តតាមដានដោយប្រុងប្រយ័ត្ននូវសកម្មភាពរបស់សហរដ្ឋអាមេរិ កនិងសម្ព័ន្ធមិត្តរបស់ខ្លួន ដើម្បីបង្កើតឃ្លាំងអាវុធ INF ដែលមានមូលដ្ឋាននៅអឺរ៉ុប និងអាស៊ីប៉ាស៊ីហ្វិក។
សេចក្តីថ្លែងការណ៍នោះបានបន្ថែមថា“ យើងមិនមែនបិទទ្វារ ដើម្បីសន្ទនានោះទេ ប៉ុន្តែនៅក្នុងលក្ខខណ្ឌបច្ចុប្បន្ន យើងមិនបដិសេធថា ប្រទេសរុស្ស៊ី នឹងត្រូវបង្ខំ” ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងមីស៊ីល ដែលកំពុងកើនឡើងនោះទេ។
នៅខែសីហា ឆ្នាំ២០១៩ រុស្ស៊ី និងសហរដ្ឋអាមេរិក បានដកខ្លួនចេញពីសន្ធិសញ្ញា INF ជាផ្លូវការបន្ទាប់ពីចោទប្រកាន់គ្នាទៅវិញទៅមកថា បានរំលោភលើកិច្ចព្រមព្រៀងត្រួតពិនិត្យអាវុធ ដែលបានចុះហត្ថលេខានៅទីក្រុងវ៉ាស៊ីនតោន កាលពីខែធ្នូ ឆ្នាំ១៩៨៧៕ដោយ ឈូក បូរ៉ា