ព័ត៌មានអន្តរជាតិ

រុស្ស៊ីនិយាយថា កំពុងពិភាក្សា ផលិតសម្ភារៈយោធា ក្នុងប្រទេសឥណ្ឌា

បរទេស៖រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov នៅថ្ងៃអង្គារនេះ បាននិយាយថា ប្រទេសរុស្ស៊ីនិងប្រទេសឥណ្ឌា កំពុងតែពិភាក្សាគ្នាអំពីផលិតកម្មសម្ភារៈយោធារុស្ស៊ីបន្ថែមនៅក្នុងប្រទេសឥណ្ឌា ហើយសកម្មភាពនេះ អាចនឹងធ្វើឲ្យច្របូកច្របល់ ចំពោះសហរដ្ឋអាមេរិក ដែលមិនពេញចិត្តនឹងប្រទេសនានា ដែលពាក់ព័ន្ធក្នុងពាណិជ្ជកម្មការពារជាតិជាមួយទីក្រុងមូស្គូ។

ថ្លែងនៅសន្និសីទកាសែតរួមគ្នាមួយ ជាមួយលោក Subrahmanyam Jaishankar រដ្ឋមន្ត្រីការបរទេសឥណ្ឌា តាមសេចក្តីរាយការណ៍ លោក Sergei Lavrov មិនបានបញ្ជាក់ពីសម្ភារៈប្រភេទអ្វី ដែលអាចនឹងធ្វើការផលិតនៅក្នុងប្រទេសឥណ្ឌានោះទេ។

ប៉ុន្តែមន្ត្រីមកពីប្រទេសទាំងពីរ បាននិយាយក្នុងពេលថ្មីៗនេះថា រដ្ឋាភិបាលរបស់ពួកគេ បាននិងកំពុងតែពិភាក្សាគ្នាអស់រយៈប៉ុន្មានកន្លងមក ស្តីពីភាពអាចទៅរួចនៃការផលិតឧទ្ធម្ភាគចក្រយោធារុស្ស៊ី នៅក្នុងប្រទេសឥណ្ឌា។

លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ី បាននិយាយប្រាប់សន្និសីទកាសែតដូច្នេះថា “យើងបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើង ចំពោះការអភិវឌ្ឍសហប្រតិបត្តិការបច្ចេកទេសយោធា” ហើយលោកបន្ថែមថា មានគណៈកម្មការអន្តររដ្ឋាភិបាលមួយ កំពុងតែពិភាក្សាគ្នាអំពីប្រធានបទនោះ៕ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top