បរទេស៖នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានព្រមាននៅពេលថ្មីៗនេះថា ប្រទេសអ៊ីស្រាអែល នឹងមិនត្រូវចង់ ដោយកិច្ចព្រមព្រៀងណាមួយ ដែលមហាអំណាចពិភពលោកបង្កើតឡើងជាមួយអ៊ីរ៉ង់នោះទេ ប្រសិនបើវានាំ ឲ្យទីក្រុងតេអេរ៉ង់រក្សាបាននូវអាវុធនុយក្លេអ៊ែ។
នៅក្នុងអំឡុងពិធីទិវារំឭករបបប្រល័យពូជសាសន៍ ហូឡូកូស នៅសារមន្ទីរប្រវត្តិសាស្ត្រ ហូឡូកូស ទីក្រុងយេរូសាឡឹម លោក Netanyahu បានមានប្រសាសន៍ថា ចំណងមិត្តភាពរវាងអ៊ីស្រាអែលនិងពិភពអារ៉ាប់ មានភាពល្អប្រសើរឡើង ក្នុងអំឡុងពេលពីរបីឆ្នាំកន្លងទៅ ដោយចុះហត្ថលេខាកិច្ចព្រមព្រៀងសន្តិភាព ជាមួយប្រទេសបារ៉ែន សហភាពអារ៉ាប់រួម ស៊ូដង់ ម៉ារ៉ុក និងប្រទេសដទៃផ្សេងទៀត។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា លោកនាយករដ្ឋមន្ត្រីអីស្រាអែលរូបនេះ បានបន្តទៀតថា ប៉ុន្តែការតាក់តែងកិច្ចព្រមព្រៀងនុយក្លេអ៊ែថ្មីមួយ ជាមួយអ៊ីរ៉ង់ គឺជាការគម្រាមកំហែងមួយចំពោះអ៊ីស្រាអែល។
លោកមានប្រសាសន៍យ៉ាងដូច្នេះថា “ប្រវត្តិសាស្ត្របានបង្រៀនយើងថា កិច្ចព្រមព្រៀងបែបនេះជាមួយរបបជ្រុលនិយមបែបនេះ គឺគ្មានតម្លៃអ្វីទាល់តែសោះ។ ចំពោះមិត្តរបស់យើង ខ្ញុំនិយាយថា ចូរកុំឲ្យមានកំហុស គឺកិច្ចព្រមព្រៀង មួយជាមួយអ៊ីរ៉ង់ ដែលនឹងត្រួសត្រាយផ្លូវសម្រាប់អាវុធនុយក្លេអ៊ែ ជាអាវុធដែល គម្រាមកំហែងយើងជាមួយក្តីវិនាស ហើយកិច្ចព្រមព្រៀងបែបនេះ នឹងមិនចងយើងបានដោយ ប្រការណាមួយនោះទេ”៕ប្រែសម្រួល៖ប៉ាង កុង

