ព័ត៌មានអន្តរជាតិ

អាមេរិក កំពុងពិចារណា បញ្ជូននាវាចម្បាំង ទៅកាន់សមុទ្រខ្មៅ ដើម្បីព្រមានរុស្ស៊ី ជុំវិញបញ្ហាជាមួយ អ៊ុយក្រែន

បរទេស៖ សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តណាតូរបស់ខ្លួន ចូលរួមធ្វើសមយុទ្ធ ជាទៀងទាត់នៅសមុទ្រខ្មៅ ដែលម្តងម្កាលមានការចូលរួមពី កងកម្លាំងមកពីអ៊ុយក្រែន និងប្រទេសហ្សកហ្ស៊ី ផងដែរ។ ប្រទេសរុស្ស៊ីបានរិះគន់ម្តងហើយម្តងទៀតចំពោះសមយុទ្ធបែបនេះ ដោយនិយាយថា ពួកគេធ្វើឱ្យមានអស្ថិរភាពស្ថានភាពនៅក្នុងតំបន់។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា សហរដ្ឋអាមេរិកកំពុងពិចារណាបញ្ជូននាវាចម្បាំងទៅកាន់សមុទ្រខ្មៅនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ក្នុងការបង្ហាញការគាំទ្រដល់ប្រទេសអ៊ុយក្រែន និងជាការព្រមានដល់ប្រទេសរុស្ស៊ី។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍ CNN ដោយបានដកស្រង់ប្រភពក្រសួងការពារជាតិដែលមិនបញ្ចេញឈ្មោះ។

ប្រភពបានបន្ថែមទៀតថា កងទ័ពជើងទឹកអាមេរិកធ្វើប្រតិបត្តិការជាប្រចាំនៅសមុទ្រខ្មៅ ប៉ុន្តែការដាក់ពង្រាយនាវាចម្បាំងដែលអាចធ្វើទៅបាន ឥឡូវនេះនឹងផ្ញើសារជាក់លាក់ទៅរុស្ស៊ីថា សហរដ្ឋអាមេរិកកំពុងឃ្លាំមើលភាពតានតឹងដែលកំពុងកើនឡើងនៅតាមព្រំដែនភាគខាងកើតអ៊ុយក្រែន។ ប៉ុន្តែយ៉ាងណាក៏ដោយ មន្ទីរបញ្ចកោណមិនទាន់បានបញ្ជាក់ពីព័ត៌មាននេះនៅឡើយទេ៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top