បរទេស៖អាជ្ញាធរចិន នាពេលថ្មីៗនេះ បានធ្វើការពិន័យជាទឹកប្រាក់២,៨ពាន់លានដុល្លារ លើក្រុមហ៊ុន Alibaba ពីបទបំពានច្បាប់ប្រឆាំងទំនុកចិត្ត នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១។
ការពិន័យនេះ ផ្តើមចេញពីការស៊ើបអង្កេតប្រឆាំងភាពផ្តាច់មុខ លើក្រុមហ៊ុន Alibaba Group Holding ដែលគេស្គាល់ថា ជាក្រុមហ៊ុនពាណិជ្ជកម្មអនឡាញដ៏ធំបំផុតលើពិភពលោក និងម្ចាស់របស់កាសែត South China Morning Post ដែលបើកនៅក្នុង ខែធ្នូ។

ទីភ្នាក់ងារសារព័ត៌មាន South China Morning Post បានរាយការណ៍ថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ អាជ្ញាធរបាននិយាយថា ពួកគេកំពុងតែពិចារណាអនុវត្តជាធរមាន នូវការដាក់កម្រិតលើឈ្មួញតាមអ៊ីនធឺណេត ដើម្បីជ្រើសរើសផ្តាច់មុខនូវទម្រង់តែមួយ ក្នុងការលក់ទំនិញរបស់ពួកគេ។
អាជ្ញាធរចិនបាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មានថា ពួកគេបានបញ្ជាឲ្យក្រុមហ៊ុនកែតម្រូវកំហុសឆ្គងរបស់ខ្លួន និងបង់ពិន័យ ចាប់តាំងពីបានរំលោភបំពានលើភាពលើសលុបលើទីផ្សារ តាំងពីឆ្នាំ២០១៥មក ក្នុងដំណើរល្មើសច្បាប់ប្រឆាំងភាពផ្តាច់មុខរបស់ប្រទេស៕

