ព័ត៌មានអន្តរជាតិ

ជប៉ុន នឹងបង្ហូរទឹកសំណល់ រោងចក្រនុយក្លេអ៊ែ ចូលសមុទ្រ ក្រោយសម្លាប់មេរោគរួច

បរទេស ៖ នៅថ្ងៃអង្គារនេះ រដ្ឋាភិបាលជប៉ុន បាននិយាយថា ប្រទេសជប៉ុននឹងបង្ហូរទឹក សំណល់ជាង១លានតោន ចេញពីស្ថានីយ៍ នុយក្លេអ៊ែ Fukushima ចូលទៅក្នុងសមុទ្រ ហើយការប្រកាសនេះ ត្រូវបានជំទាស់ដោយប្រទេសជិត ខាងនានា រួមទាំងប្រទេសចិនផងដែរ ដែលហៅការធ្វើ បែបនោះថា គ្មានទំនួលខុសត្រូវបំផុត ។

តាមសេចក្តីរាយការណ៍ ការបង្ហូរទឹកនោះជាលើកដំបូង នឹងធ្វើឡើង ក្នុងរយៈពេលប្រហែលពីរឆ្នាំទៀត ដោយទុកពេលឲ្យក្រុមហ៊ុនប្រតិបត្តិការរោង Tokyo Electric Power ធ្វើការចាប់ផ្តើមច្រោះទឹកដើម្បីយកសារធាតុពុលចេញ កសាងហេដ្ឋារចនាសម្ព័ន្ធ និងទទួលបានការយល់ព្រមពីអាជ្ញាធរ។
ជប៉ុនបានធ្វើការអះអាងថា ការបង្ហូរទឹកនោះ គឺជាប្រការចាំបាច់មួយ ដើម្បីឈាន ទៅដល់ការ រុះរើរោងចក្រនេះ ក្រោយវារងការបំផ្លិចបំផ្លាញ ដោយសារគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិក ក្នុងឆ្នាំ២០១១ ដោយធ្វើការចង្អុលបង្ហាញថា ទឹកដែលច្រោះហើយប្រហាក់ ប្រហែលគ្នានេះ ត្រូវបានគេបង្ហូរចោលពីរោងចក្រនុយក្លេអ៊ែ នៅជុំវិញពិភពលោក ។

គួរបញ្ជាក់ថា ទឹកសំណល់ ជិត១,៣លានតោន ដែលត្រូវគេស្តុកទុកក្នុងអាងទឹកដ៏ធំ នៅរោងចក្រនុយក្លេអ៊ែ Fukushima Daiichi ដោយត្រូវចំណាយប្រាក់ ប្រហែល១០០ពាន់លានយ៉េន ស្មើនឹង៩១២,៦៦លានដុល្លារ ជារៀងរាល់ឆ្នាំ ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top