ព័ត៌មានអន្តរជាតិ

អាមេរិក​ និងចិន ព្រមព្រៀង ធ្វើការរួមគ្នា ប្រយុទ្ធប្រឆាំង បម្រែបម្រួល អាកាសធាតុ

បរទេស ៖ សហរដ្ឋអាមេរិក និង ប្រទេសចិន បានព្រមព្រៀងធ្វើការរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំង នឹងបម្រែបម្រួល អាកាសធាតុ ក្រោយកិច្ចប្រជុំ នៅក្នុងទីក្រុង សៀងហៃ កាលពីចុងសប្ដាហ៍កន្លងទៅ តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយពីទីភ្នាក់ងារ សារព័ត៌មាន UPI ។

នៅក្នុងសេចក្តីថ្លែង ការណ៍រួមគ្នាមួយ ចេញនៅល្ងាចថ្ងៃសៅរ៍ ប្រទេសទាំងពីរ បាននិយាយថា វិបត្តិអាកាសធាតុ ត្រូវតែដោះស្រាយដោយម៉ត់ចត់និងបន្ទាន់ ហើយពួកគេនឹងធ្វើការងារ ជាមួយប្រទេសដទៃទៀត ដើម្បីរក្សានិង បង្កើនការប្តេជ្ញា ចំពោះសន្និបាតទម្រង់ការងារ អង្គការសហប្រជាជាតិ ស្តីពីបម្រែបម្រួលអាកាស ធាតុនិងកិច្ចព្រមព្រៀង ទីក្រុងប៉ារីស។

កិច្ចព្រមព្រៀងនេះ គឺត្រូវបានធ្វើឡើង ក្រោយកិច្ចប្រជុំរយៈពេលពីរថ្ងៃ រវាងប្រេសិតពិសេស សហរដ្ឋអាមេរិក ទទួលបន្ទុកបញ្ហា អាកាសធាតុ លោក John Kerry និងប្រេសិតពិសេសចិន ទទួលបន្ទុកបញ្ហាអាកាសធាតុ លោក Xie Zhenhua នៅក្នុងទីក្រុងសៀងហៃ កាលពីថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ។
នៅក្នុងសេចក្តីថ្លែងការណ៍ផ្សេងដោយឡែកមួយ ក្រសួងបរិស្ថានចិន បាន និយាយប្រាប់ថា កិច្ចពិភាក្សាគ្នានោះ បានបង្ហាញឲ្យឃើញ យ៉ាងច្បាស់និងស៊ីជម្រៅ ប្រកបដោយអំណោយ ផលល្អ ។

ក្រសួងបរិស្ថានចិន តាមសេចក្តីរាយការណ៍ បាននិយាយយ៉ាងដូច្នេះថា “ភាគីទាំងពីរ ទទួលស្គាល់ថា បម្រែបម្រួល អាកាសធាតុ គឺជាការគម្រាមកំហែងធ្ងន់ធ្ងរ និងបន្ទាន់ ចំពោះការរស់នៅនិង ការអភិវឌ្ឍរបស់មនុស្សជាតិ” ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top