បរទេស៖ ស្ថានទូតជប៉ុនប្រចាំនៅក្នុងប្រទេសមីយ៉ានម៉ា បាននិយាយនៅថ្ងៃចន្ទនេះថា អ្នកសារព័ត៌មានជប៉ុនមួយរូប ដែលត្រូវកងកម្លាំងសន្តិសុខ ក្នុងទីក្រុងមីយ៉ានម៉ាឃាត់ខ្លួននៅក្នុងទីក្រុង ដ៏ធំបំផុតរបស់មីយ៉ានម៉ា កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ត្រូវបានគេបញ្ជូនទៅកាន់ពន្ធនាគារហើយ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ បាននិយាយថា លោក Yuki Kitazumi ជាអតីតអ្នកសារព័ត៌មានធ្វើការឲ្យកាសែត Nikkei មានមូលដ្ឋាននៅក្នុងទីក្រុងតូក្យូ ហើយបច្ចុប្បន្នរស់នៅក្នុងទីក្រុងយ៉ាំងហ្គូន ត្រូវបានគេឃាត់ខ្លួននៅផ្ទះរបស់លោក កាលពីយប់ថ្ងៃអាទិត្យ និងបញ្ជូនចេញតាមរថយន្តប៉ូលិសមួយគ្រឿង។

តាមសេចក្តីរាយការណ៍ ស្ថានទូតជប៉ុនបាននិយាយប្រាប់យ៉ាងដូច្នេះថា លោក Kitazumi ត្រូវបានគេបញ្ជូនទៅពន្ធនាគារក្នុងទីក្រុងយ៉ាំងហ្គូន ជាទីដែលអ្នកទោសនយោបាយជាច្រើននាក់ជាប់ឃុំនៅទីនោះ ចំណែកមូលហេតុសម្រាប់ការចាប់ឃុំខ្លួននោះ នៅមិនទាន់ច្បាស់នៅឡើយនោះទេ។
នាយករដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga បានមានប្រសាសន៍នៅថ្ងៃចន្ទនេះថា ស្ថានទូតកំពុងតែស្វះស្វែងរកព័ត៌មានពាក់ព័ន្ធនឹងការឃុំខ្លួនលោក Kitazumi ហើយលោកបានប្រាប់អ្នកសារព័ត៌មានបន្ថែមយ៉ាងដូច្នេះថា “យើងនឹងប្រឹងប្រែងឲ្យអស់លទ្ធភាព ដើម្បីការពារជនជាតិជប៉ុននៅក្នុងប្រទេស (មីយ៉ានម៉ា)”៕ប្រែសម្រួល៖ប៉ាង កុង

