ព័ត៌មានអន្តរជាតិ

ជប៉ុន ស្នើមីយ៉ាន់ម៉ា ដោះលែងអ្នកកាសែតជប៉ុនម្នាក់ ដែលត្រូវបានចាប់ខ្លួន នៅទីក្រុងរ៉ង់ហ្គូន

រ៉ង់ហ្គូន ៖ រដ្ឋាភិបាលជប៉ុន បានឲ្យដឹងនៅថ្ងៃច័ន្ទនេះថា ខ្លួនកំពុងស្នើសុំប្រទេសមីយ៉ាន់ម៉ា ឲ្យ ដោះលែងអ្នកកាសែត ជប៉ុន លោក Yuki Kitazumi ដែលត្រូវបានចាប់ខ្លួននៅផ្ទះ របស់លោកនៅទីក្រុងរ៉ង់ហ្គូន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានសិង្ហបុរី ។

ទូរទស្សន៍ BBC Burmese បានដកស្រង់សំដីសាក្សីម្នាក់ ដែលលើកឡើងថា លោក Kitazumi ត្រូវបានកងកម្លាំង របស់មីយ៉ាន់ម៉ា ចាប់ខ្លួននៅយប់ថ្ងៃអាទិត្យ។ ប្រភពដដែលបានបន្តថា លោកត្រូវបានសមត្ថកិច្ចបញ្ជាឲ្យលើកដៃទាំងពីរឡើង ហើយត្រូវបានគេរុញ ចូលទៅក្នុងឡាន។

អ្នកនាំពាក្យម្នាក់ បានប្រាប់សារព័ត៌មាន AFP នៅថ្ងៃច័ន្ទនេះផងដែរថា លោក Kitazumi មិនទាន់ត្រូវបានចោទ ប្រកាន់នៅឡើយទេ ហើយអ្នកការទូតកំពុងស្វែង រកការអនុញ្ញាត ឱ្យមកជួបលោកនៅក្នុងពន្ធនាគារ។

ប្រធានខុទ្ទកាល័យគណៈរដ្ឋមន្រ្តីលោក Katsunobu Kato បានប្រាប់ក្រុមអ្នកសារព័ត៌មានថា រដ្ឋាភិបាលរបស់លោក កំពុងស្នើសុំឱ្យអាជ្ញាធរមីយ៉ាន់ម៉ា ពន្យល់ពីការចាប់ខ្លួន និងផ្តល់ព័ត៌មានលម្អិតផ្សេងទៀត ខណៈស្នើសុំឱ្យមានការដោះលែង លោកឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន។

លោកបានលើកឡើងថា “ យើងនឹងបន្តស្នើសុំទៅប្រទេសមីយ៉ាន់ម៉ា ឱ្យមានការដោះលែងលោកឱ្យបានឆាប់ ខណៈដែលយើងកំពុង ធ្វើអស់ពីសមត្ថភាព ដើម្បីការពារពលរដ្ឋជប៉ុន នៅក្នុងប្រទេសនោះ”៕

Most Popular

To Top