កូឡាឡាំពួរ ៖ នាយករដ្ឋមន្រ្តីលោក Muhyiddin Yassin បានលើកឡើង ថាសាជីវកម្ម Microsoft នឹងវិនិយោគ ទឹកប្រាក់ ១ ពាន់លានដុល្លារ នៅប្រទេសម៉ាឡេស៊ី ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ដែលជាផ្នែកមួយ នៃភាពជាដៃគូថ្មី ជាមួយទីភ្នាក់ងារ រដ្ឋាភិបាល និងក្រុមហ៊ុនក្នុងស្រុក ដែលការវិនិយោគនេះ នឹងក្លាយជាការវិនិយោគ ដ៏ធំបំផុតរបស់អាមេរិក ផ្នែកបច្ចេកវិទ្យា នៅម៉ាឡេស៊ី ។
ការប្រកាសនេះធ្វើឡើង បន្ទាប់ពីប្រទេសម៉ាឡេស៊ី កាលពីខែកុម្ភៈបានផ្តល់ការ យល់ព្រមតាមលក្ខខណ្ឌ សម្រាប់ក្រុមហ៊ុន Microsoft, Google, Amazon និងក្រុមហ៊ុនទូរគមនាគមន៍រដ្ឋ Telekom Malaysia ដើម្បីសាងសង់ និងគ្រប់គ្រង មជ្ឈមណ្ឌលទិន្នន័យខ្នាតធំ នៅក្នុងប្រទេស និងផ្តល់សេវាកម្ម Cloud។
យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានសិង្ហបុរីបានឲ្យដឹងថា វាក៏កើតឡើងផងដែរ បន្ទាប់ពីប្រទេសនេះ បានឃើញការ វិនិយោគផ្ទាល់ពីបរទេស (FDI) ធ្លាក់ចុះ ៦៨ ភាគរយកាលពីឆ្នាំមុន ដែលជាការធ្លាក់ចុះដ៏ធំបំផុត នៅអាស៊ីអាគ្នេយ៍។
ប្រទេសម៉ាឡេស៊ី បានការពារខ្លួនជាទិស ដៅវិនិយោគមួយដោយរដ្ឋមន្រ្តីក្រសួង ហិរញ្ញវត្ថុថ្មីៗនេះបានលើកឡើងថា ខ្លួនកំពុងសម្លឹង មើលការលើកទឹកចិត្ត ដើម្បីជួយទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស បន្ថែមទៀត ។
ប្រភពបានឲ្យដឹងថា ការវិនិយោគពីអ្នកផ្តល់សេវាកម្ម Cloud ទាំងនេះ នឹងមានចំនួនសរុបចន្លោះពី ១២,២ ពាន់លានរីងហ្គីត ដល់ ១៥,២ លានរីងហ្គីត ឬស្មើនឹង (២,៩១ ពាន់លានដុល្លារទៅ ៣,៦៤ ពាន់លានដុល្លារអាមេរិក) ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។
ជាផ្នែកមួយនៃគំនិតផ្តួចផ្តើម Bersama Malaysia ក្រុមហ៊ុន Microsoft នឹងបង្កើត“ មជ្ឈមណ្ឌលទិន្នន័យ” ដំបូងបង្អស់របស់ខ្លួន ដែលមានមជ្ឈមណ្ឌលទិន្នន័យ ជាច្រើននៅក្នុងប្រទេសម៉ាឡេស៊ី ដើម្បីគ្រប់គ្រងទិន្នន័យ ពីប្រទេសផ្សេងៗទៀត។
លោក Jean-Philippe Courtois អនុប្រធាននាយកប្រតិបត្តិ នៃក្រុមហ៊ុន Microsoft បានឲ្យដឹងនៅក្នុងសេចក្តីថ្លែង ការណ៍មួយថា“ តំបន់មជ្ឈមណ្ឌលទិន្នន័យនា ពេលខាងមុខ នឹងក្លាយជាអ្នកផ្លាស់ប្តូរហ្គេម សម្រាប់ប្រទេសម៉ាឡេស៊ី” ដោយបន្ថែមថា វានឹងអាច ធ្វើឱ្យរដ្ឋាភិបាល និងអាជីវកម្មផ្លាស់ប្តូរប្រតិបត្តិការ របស់ពួកគេ៕