ព័ត៌មានអន្តរជាតិ

Honda មានគោលដៅ​ ប្រើប្រាស់រថយន្ត អគ្គិសនី ១០០ ភាគរយ នៅឆ្នាំ ២០៤០

តូក្យូ ៖ ក្រុមហ៊ុនផលិតរថយន្តជប៉ុន Honda បាននិយាយថា ខ្លួននឹងមានគោលដៅ ប្រើប្រាស់រថយន្តអគ្គិសនី និងប្រេងឥន្ធនៈជាផ្លូវការ ១០០ ភាគរយ នៃការលក់ទាំងអស់នៅឆ្នាំ ២០៤០ ដើម្បីលើកកម្ពស់គោលដៅ អាកាសធាតុ យោងតាមការចេញផ្សាយពី គេហទំព័រជប៉ុនធូដេ ។

លោក Toshihiro Mibe នាយកប្រតិបត្តិថ្មី របស់ក្រុមហ៊ុនផលិត រថយន្តបាន ពិពណ៌នា គោលដៅថានេះជាការ ប្រកួតប្រជែង ហើយក្រុមហ៊ុនចង់កំណត់ គោលដៅខ្ពស់ ។ ក្រុមហ៊ុន Honda បាននិយាយថា ខ្លួនចង់ឲ្យសមាមាត្រយានយន្ត អគ្គិសនី ដែលបានលក់នៅក្នុងទីផ្សារធំៗ ឈានដល់ ៤០ ភាគរយនៅឆ្នាំ ២០៣០ និង ៨០ ភាគរយនៅឆ្នាំ ២០៣៥ មុនពេលឈានដល់ ១០០ ភាគរយនៅទូទាំងពិភពលោក នៅឆ្នាំ ២០៤០ ។

ក្រុមហ៊ុននេះ បានបង្ហាញនូវ ទឹកប្រាក់ចំនួន ៥ លានលានយ៉េន (៤៦ ពាន់លានដុល្លារ)លើការវិនិយោគ ក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍របស់ខ្លួន ដើម្បីឈានដល់គោលដៅ ។ ការប្រកាសនេះធ្វើឡើង មួយថ្ងៃ បន្ទាប់ពីលោក នាយករដ្ឋមន្រ្តី Yoshihide Suga បានមានប្រសាសន៍ថា ប្រទេសជប៉ុន នឹងមានគោលបំណង កាត់បន្ថយការ បំភាយឧស្ម័ន ៤៦ ភាគរយនៅឆ្នាំ ២០៣០ ពោល គឺច្រើនជាងអ្វីដែលបានសន្យាពីមុន ។

គោលដៅថ្មីបានកែប្រែគោលដៅមុន នៃការកាត់បន្ថយការ បំភាយ ២៦ ភាគរយពីកម្រិតឆ្នាំ ២០១៣ ត្រឹមឆ្នាំ ២០៣០ ។ ការសន្យានេះបានផ្តោតជាសំខាន់ លើការផ្លាស់ប្តូរអាកាសធាតុ នៅពេលប្រធានាធិបតី អាមេរិក Joe Biden ធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលមួយ ដើម្បីលើកទឹកចិត្តឲ្យមានសកម្មភាពខ្លាំង ជាងមុនចំពោះការឡើងកម្ដៅផែនដី និងចលនាលឿន ឆ្ពោះទៅ រកអព្យាក្រឹតកាបូន៕ដោយ៖លី ភីលីព

Most Popular

To Top