បរទេស ៖ មន្ត្រីរុស្ស៊ីមួយរូប តាមសេចក្តី រាយការណ៍ បាននិយាយ នៅពេលថ្មីៗនេះថា ប្រទេសរុស្ស៊ី នឹងបញ្ចប់ការ បង្កើនកម្លាំង យោធារបស់ខ្លួន សម្រាប់សមយុទ្ធ នៅជិតព្រំដែន ភាគខាងកើត របស់ប្រទេស អ៊ុយក្រែន នៅត្រឹមខែឧសភា ។
នៅក្នុងកិច្ចប្រជុំមួយ នៅតំបន់គ្រីមា កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បាននិយាយថា គោលដៅយោធា និងកងកម្លាំងដែនអាកាស ភាគខាងត្បូង ដែលកំពុងតែត្រួតពិនិត្យ ដ៏គួរឲ្យភ្ញាក់ផ្អើល ក្នុងតំបន់យោធាភាគខាងត្បូង និងភាគខាងលិច នៅជិតព្រំដែនជាប់អ៊ុយក្រែន បានសម្រេចទាំង ស្រុងហើយ ។
តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន UPI នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា លោក Shoigu បានមានប្រសាសន៍បន្ថែមទៀតយ៉ាងដូច្នេះថា “កងទ័ពបានបង្ហាញ នូវសមត្ថភាព ដើម្បីធានាដល់កិច្ចការពារ ប្រទេសដ៏គួរឲ្យជឿជាក់បាន”។
លោក Shoigu បាននិយាយថា យោធាមានពេលរហូតដល់ថ្ងៃទី០១ ខែឧសភា ដើម្បីវិលត្រឡប់ពី សមយុទ្ធយោធា និងគួរតែចាប់ផ្តើមផែនការ បញ្ជូលទ័ពវិលត្រឡប់ នៅថ្ងៃសុក្រ ដោយរួមបញ្ចូលទាំងជូនការដំណឹង ស្តីពីលទ្ធផលនៃការត្រួតពិនិត្យដ៏គួរឲ្យភ្ញាក់ផ្អើល និងការដាក់សម្ភារៈក្នុងទីលាននានា នៅកន្លែងហ្វឹកហាត់ Pogonovo ដែលត្រូវបានប្រើប្រាស់ក្នុងសមយុទ្ធយោធា Zapad-2021 នឹងធ្វើឡើងក្នុងខែកញ្ញា ៕
ប្រែសម្រួល៖ប៉ាង កុង
