ព័ត៌មានអន្តរជាតិ

អាមេរិក ដាក់ទណ្ឌកម្មថ្មី ផ្តោតលើ របបសឹកមីយ៉ានម៉ា

បរទេស ៖ សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មថ្មី លើឧស្សាហកម្មឈើ និងគុជជាកម្មសិទ្ធិរដ្ឋ របស់មីយ៉ានម៉ា ស្របពេល ដែលរដ្ឋបាលលោក បៃដិន ស្វះស្វែងកាត់ផ្តាច់ធនធាន ហិរញ្ញវត្ថុ ដ៏សំខាន់របស់របបសឹក មីយ៉ានម៉ា ព្រោះតែធ្វើការបង្ក្រាប ដោយហិង្សា លើពួកបាតុករតវ៉ាប្រឆាំង រដ្ឋប្រហារខែកុម្ភៈ ។

តាមសេចក្តីរាយការណ៍ ក្រសួងរតនាគារអាមេរិក នៅថ្ងៃពុធសប្ដាហ៍នេះ បានដាក់ទណ្ឌកម្មសហគ្រាស ឈើមីយ៉ានម៉ា និងសហគ្រាសគុជមីយ៉ានម៉ា ដែលត្រួតត្រាលើការនាំ ចេញឈើនិងគុជខ្យង់ ជាធនធានសេដ្ឋកិច្ច ដ៏សំខាន់សម្រាប់រដ្ឋាភិបាល យោធា មីយ៉ានម៉ា ដែលធ្វើរដ្ឋប្រហារដណ្ដើម អំណាចពីរដ្ឋាភិបាល ជាប់ឆ្នោតកាលពីថ្ងៃទី០១ ខែកុម្ភៈ ក្រោយធ្វើការចាប់ខ្លួន មេដឹកនំាជាប់ឆ្នោតស៊ីវិល ។

ទណ្ឌកម្មដែលដាក់នៅថ្ងៃពុធនោះ បង្កកទ្រព្យសម្បត្តិទាំងអស់ របស់អង្គភាពទាំងពីរ និងហាមមិនឲ្យ ពលរដ្ឋអាមេរិក ធ្វើជំនួញជាមួយពួកគេ ក្រោមបទបញ្ជាប្រតិបត្តិ ដែលអនុញ្ញាតឲ្យចុះបញ្ជីខ្មៅក្រុមហ៊ុននានា ជាប់ទាក់ទងជាមួយរដ្ឋាភិបាល របស់មីយ៉ានម៉ា ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋមន្ត្រីការបរទេស អាមេរិក លោក Antony Blinken បានមានប្រសាសន៍ យ៉ាងដូច្នេះថា “របបយោធាភូមា បន្តព្រងើយកន្តើយ ចំពោះឆន្ទៈប្រជាជនភូមា ក្នុងការស្តារឡើងវិញ នូវផ្លូវឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ របស់ប្រទេស។ យើងនឹងបន្តគាំទ្រប្រជាជនភូមា ក្នុងកិច្ចប្រឹងប្រែង របស់ពួកគេច្រានចោលរដ្ឋ ប្រហារនេះ ហើយយើងអំពាវនាវ ឲ្យរបបយោធា បញ្ឈប់នូវអំពើហិង្សា ដោះលែងមនុស្សទាំងអស់ ដែលចាប់ខ្លួនដោយអយុត្តិធម៌ និងស្តារឡើងវិញនូវផ្លូវឆ្ពោះទៅរក លទ្ធិប្រជាធិបតេយ្យរបស់ភូមា” ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top