បរទេស៖ មេដឹកនាំទីបញ្ជាការយុទ្ធសាស្ត្រ សហរដ្ឋអាមេរិកបាននិយាយថា សហរដ្ឋអាមេរិកបានត្រៀមធ្វើការគ្រប់គ្រងការគម្រាមកំហែងយោធាណាមួយ ពីប្រទេសកូរ៉េខាងជើង ហើយអាមេរិកក៏នៅតែប្រកាន់ ការប្តេជ្ញាបំពេញតាមការសន្យាសន្តិសុខរបស់ខ្លួន ចំពោះប្រទេសកូរ៉េខាងត្បូង។
នៅក្នុងអំឡុងសន្និសីទកាសែតមួយ នៅមន្ទីរបញ្ចកោណនាថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លោក Charles Richard ជាមេបញ្ជាការនៃទីបញ្ជាការយុទ្ធសាស្ត្រអាមេរិក បាននិយាយយ៉ាងដូច្នេះថា “យើងដឹងច្បាស់អំពីសមត្ថភាពរបស់កូរ៉េខាងជើង ហើយខ្ញុំមានជំនឿចិត្តក្នុងសមត្ថភាពរបស់យើងក្នុងការទប់ស្កាត់រឿងនោះ”។
តាមសេចក្តីរាយការណ៍ លោកបាននិយាយបន្ថែមទៀតថា “យើងត្រៀមជាស្រេច សម្រាប់រឿងអ្វីណាមួយដែលប្រទេសកូរ៉េខាងជើងធ្វើ ដូច្នេះខ្ញុំមានជំនឿចិត្តទាំងស្រុងថា យើងត្រៀមខ្លួនជាស្រេច សម្រាប់អ្វីក៏ដោយដែលពួកគេអាចនឹងសម្រេចចិត្តធ្វើ”។
គួរបញ្ជាក់ថា ទីបញ្ជាការយុទ្ធសាស្ត្រ Stratcom ដែលមានទីស្នាក់ការកណ្ដាលនៅមូលដ្ឋានទ័ពអាកាស Offutt ជិតទីក្រុងអូម៉ាហា រដ្ឋណេប្រាស្កា មានទំនួលខុសត្រូវថែរក្សាអាវុធនុយក្លេអ៊ែជាតិទាំង៣ គឺយន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ នាវាមុជទឹក និងមីស៊ីលផ្លោងឆ្លងទ្វីប៕
ប្រែសម្រួល៖ប៉ាង កុង


