ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ថា ក្រុមមន្ត្រីបាននិយាយនៅថ្ងៃសៅរ៍នេះថា យ៉ាងហោចណាស់មនុស្សចំនួន០៨នាក់ បានបាត់បង់ជីវិត និង០៦នាក់ផ្សេងទៀតបានត្រូវជួយសង្រ្គោះក្នុងស្ថានភាពគ្រោះថ្នាក់ បន្ទាប់ពីមានករណីបាក់ផ្ទាំងទឹកកក ដែលនេះជាគ្រោះដ៏អាក្រក់ នៃការបាក់ផ្ទាំងទឹកកកកើតឡើង នៅរដ្ឋ Uttarakhand ស្ថិតនៅភាគខាងជើងប្រទេសឥណ្ឌា ។
ក្រុមមន្ត្រីបាននិយាយថា មនុស្សចំនួន៣៨៤នាក់ផ្សេងទៀត ភាគច្រើនជាក្រុមអង្គការផ្លូវព្រំដែនរបស់ប្រទេសឥណ្ឌា ហៅកាត់ថា (RRO) និងអគ្គកងវិស្វរកម្មជួយសង្គ្រោះ (GREF) បានជួយសង្គ្រោះឲ្យមានសុវត្ថិភាព ។
ផ្ទាំងទឹកកកដែលបាក់ បានកើតឡើងកាលពីល្ងាចថ្ងៃសុក្រ ក្នុងអំឡុងពេលមានព្រិលធ្លាក់ចុះយ៉ាងក្រាស់ នៅក្នុងស្រុក Chamoli នៃរដ្ឋ Uttarakhand ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ ដែលបានប្រកាសដោយយោធាឥណ្ឌា បានឲ្យដឹងថា “ក្រុមរបស់ BRO ចំនួន៣៨៤នាក់ បាននាំទៅកាន់សុវត្ថិភាព ។ ០៨នាក់បានជាប់ក្នុងព្រិល ហើយសាកសពបានរកឃើញដែលមកពីជុំរំចំនួន០២កន្លែងរបស់ BRO” ។ មនុស្សឥ៦នាក់បានរងរបួសធ្ងន់ ត្រូវបានជម្លៀសខ្លួនចេញ ។ ក្រុមយោធា បានបន្តជួយសង្រ្គោះដោយមិនឈប់សម្រាកនោះទេ” ។
ក្រុមមន្ត្រីបាននិយាយថា ប្រតិបត្តិការជួយសង្គ្រោះ បានធ្វើឡើងភ្លាមៗ កាលពីថ្ងៃសុក្រ ហើយបានផ្អាកការងារនៅពេលយប់ ដោយសារតែអាកាសធាតុមិនអំណោយផល ។
នៅព្រឹកថ្ងៃសៅរ៍នេះ ការជួយសង្គ្រោះបានអនុវត្តន៍ឡើងវិញដើម្បីជួយដល់ជនរងគ្រោះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា